រយៈពេលមួយឆ្នាំក្រសួងដែនដី បានកំណត់ និងបំពេញកិច្ចការចម្បងៗបី

(ភ្នំពេញ)៖ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារ​បន្ត សម្រាប់ឆ្នាំ២០២៥  របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន​រដ្ឋបាលបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លើយតបទៅ នឹងគោលនយោបាយ​ អាទិភាព​ទាំង៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ​លើកំណែទម្រង់មុខ ងារសាធារណៈ រួមមាន៖ ការពង្រឹង​សមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើក​កម្ពស់ ​ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ក្នុងនោះក្រសួងបានកំណត់ និងបំពេញ​កិច្ចការចម្បងៗចំនួនបី។

កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រារព្ធសន្និបាតបូកសរុបលទ្ធផល​ការងា​រ​ឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ក្រោម​អធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចការចម្បងទាំងបីដែល លើកមកបង្ហាញក្នុង សន្និបាតប្រចាំឆ្នាំនេះ ក្នុងនោះ ៖១. ការពង្រឹងសមត្ថភាពមន្រ្តី ៖ ការរៀបចំផែនការ​ជ្រើស​រើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ,ការបណ្តុះបណ្តាលបន្ត ,ការប្រើប្រាស់មន្ត្រីឱ្យស្របតាមឧបនិស្ស័យនិងជំនាញ និងលើកទឹក​ចិត្តមន្ត្រីឱ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។២. ការពង្រឹងសមត្ថភាពស្ថាប័ន ៖រៀបចំគោល​​នយោ​​បាយ និង​បទដ្ឋាន​គតិយុត្តិសមស្រប និងមានសង្គតិភាព, លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងបុគ្គលិក តាមរយៈការវិភាគមុខងារ ការកែសម្រួល​ រចនាសម្ព័ន្ធរបស់ក្រសួង, ការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប។

ចំណែកកិច្ចការទី ៣. ការលើកកម្ពស់ប្រព័ន្ធលើក ទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការ​ជាមួយ​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយ​លើក​ទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការ​ដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះ​ថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ។

គូសរំលេចក្នុងឱកាសបើកសន្និបាតឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញថា រយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយ​តបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ​អាទិភាពគន្លឹះ​ទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយម​របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាស​ក្នុងសង្គម​ទាំងមូល​នាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស​ចំណូលខ្ពស់ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ។នេះជាពេលវេលាដែល ​យើង​ត្រូវងាកមកផ្តោត លើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ ក្នុងការបម្រើ​ប្រជាជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *