(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យ សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន ពង្រីកតួនាទីរបស់ខ្លួនជា “ស្ពាន” រវាងសហគ្រាស ធុនតូច និងមធ្យមជប៉ុន ជាមួយដៃគូនៅកម្ពុជា។
ក្នុងជំនួបជាមួយ តំណាងសមាគម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះ សមិទ្ធផលការងារ ចាប់តាំងពីសមាគម ចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០២។ បច្ចុប្បន្ន សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន មានសមាជិកប្រមាណ ១.០០០នាក់ និងអនុវត្តសកម្មភាពនានា ដូចជា JAC Japan Desk ដែលផ្តល់សេវាប្រឹក្សាយោបល់ ការជ្រើសរើសបុគ្គលិក និងការកសាងបណ្តាញធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលកំពុងប្រតិបត្តិការ ឬចាប់អារម្មណ៍ឈាន ចូលក្នុងទីផ្សារកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដោយសារប្រទេសជប៉ុន ជាសង្គមដែលមាន ប្រជាជនវ័យចំណាស់ច្រើន និងការថមថយកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន មួយចំនួនកំពុងស្វែងរក ឱកាសធុរកិច្ចនៅ ក្រៅប្រទេស ហើយពួកគេអាចនឹង ពិបាកចូលទៅក្នុងទីផ្សារថ្មី។ ឯកឧត្តមបានជំរុញឱ្យ សមាគមបន្តគាំទ្រ សហគ្រាសទាំងនេះ តាមរយៈការភ្ជាប់ទំនាក់ទំនង និងការផ្តល់ប្រឹក្សាយោបល់ច្បាស់លាស់ ក៏ដូចជាជួយសហគ្រាស ក្នុងស្រុកស្វែងរក ឱកាសធុរកិច្ចនៅជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យសមាគម ផ្តោតលើការពង្រឹងស្ថាប័ន កសាងមូលដ្ឋានទិន្នន័យ សមាជិកជាបណ្តុំ ធនធានមនុស្សសម្រាប់ តម្រូវការផ្សេងៗ និងពង្រីកប្រភពចំណូលរបស់ខ្លួន ប៉ុន្តែត្រូវរក្សាគុណតម្លៃ និងបេសកកម្មជា ស្ថាប័នមិនរកប្រាក់ចំណេញ។