ក្រុមហ៊ុនមួយសុំច្បាប់ធ្វើអាជីវកម្មធនធានរ៉ែខ្សាច់បកក្រោមដី តែគេដាក់ការសង្ស័យថា បាននិងកំពុងប្រើប្រាស់សម្ភារខុសលក្ខខណ្ឌរ៉ែងយករ៉ែមាសស្ងាត់ៗ ផ្ទុយពីការអនុញ្ញាតរបស់រដ្ឋបាលខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុនអាជីវកម្មធនធានរ៉ែខ្សាច់បកក្រោមដី របស់លោក ឡុង សុភា ត្រូវគេឃើញ បាននិងកំពុងបើកដំណើរការយ៉ាងសស្រាក់សស្រាំប្រមាណរយៈពេលជាង ២ខែមកហើយ បន្ទាប់ពីទទួលបានការអនុញ្ញាត (ចេញអាជ្ញាបណ្ណ) ដោយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ធ្នូ២០២៤ នោះរួចមក។

សកម្មភាពបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់ ក៏ត្រូវគេឃើញ បានធ្វើឡើងដោយរលូន ក្នុងតំបន់ភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប៉ុន្តែ នៅចន្លោះនៃការបើកដំណើរការអាជីវកម្មខ្សាច់បកនេះ គេបានដាក់ការសង្ស័យថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់បកក្រោមដីនេះ បាននិងកំពុងដាក់ឧបករណ៍ និងសម្ភាររែងយករ៉ែមាសស្ងាត់ៗ លើសពីការកំណត់ក្នុងច្បាប់អនុញ្ញាត ដោយរដ្ឋបាលខេត្តស្ទឹងត្រែង។

ករណីនេះ មន្ទីរជំនាញធនធានរ៉ែ និងថាមពលខេត្ត បានអះអាងថា ប្រសិនបើក្រុមហ៊ុនធ្វើផ្ទុយពីអាជ្ញាបណ្ណ មន្ទីរនឹងចុះធ្វើការផាកពិន័យ និងបញ្ឈប់អាជីវកម្មនោះភ្លាម។

រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញ”អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណយកខ្សាច់បក) ” លេខ៩០២/២៤ លបជ ឲ្យលោក ឡុង សុភា ដែលមានអាស័យដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើអាជីវកម្មខ្សាច់បកក្រោមដី ដែលស្ថិតក្នុងតំបន់ភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ។

យោងតាមអាជ្ញាបណ្ណ ដែលចេញដោយរដ្ឋបាលខេត្តស្ទឹងត្រែង លោក ឡុង សុភា មានសិទ្ធិធ្វើអាជីវកម្មខ្សាច់បកក្រោមដីរយៈពេល ១ឆ្នាំពេញ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ ដោយតម្រូវឲ្យក្រុមហ៊ុន ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ជូនក្នុងការធ្វើប្រតិបត្តិការធនធានរ៉ែ គឺ ១-ធ្វើប្រតិបត្តិការជីកតាមគំនូរប្លង់បច្ចេកទេសដែលមានក្នុងអាជ្ញាបណ្ណ ,២-រក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច ៣០ម៉ែត្រពីច្រាំងទន្លេ និងមានជម្រៅមិនលើសពី ២ម៉ែត្រ ,៣-ប្រើប្រាស់តែគ្រឿងចក្រដែលបានអនុញ្ញាត ដូចជា ម៉ាស៊ីនបូម១គ្រឿង មានកម្លាំង៣០សេះ ហ្សាហ្សើ១គ្រឿង ម៉ាកខេតD៣៥ អ៊ិស្កាវ៉ាទើ១គ្រឿង ម៉ាកខេតD១២ រថយន្តដឹក២គ្រឿង ម៉ាកហ៊ីយ៉ានដាយ៦ម៉ាស៊ីន ចំណុះដឹកមិនលើសពី៥ម៉ែត្រគូប និងទុយោ មានមុខកាត់ ១០០សង់ទីម៉ែត្រ ។

ក្នុងលក្ខខណ្ឌខាងលើនេះ ម្ចាស់អាជីកម្មខ្សាច់បករបស់លោក ឡុង សុភា ត្រូវបានគេឃើញថា បានប្រើប្រាស់ឧបករណ៍ និងសម្ភារមិនត្រឹមត្រូវតាមលក្ខខណ្ឌ ដែលបានកំណត់នោះឡើយ ពោល គឺ ក្នុងការដ្ឋាននោះមានឧបករណ៍សម្រាប់រ៉ែងរ៉ែខ្នាតធំ (ឧបករណ៍នេះមិនមានក្នុងលិខិតអនុញ្ញាត) បំពង់ដែកសម្រាប់ខួងយករ៉ែ (មិនមានក្នុងលិខិត) ម៉ាស៊ីនភ្លើងខ្នាតធំ (លើសកម្លាំងសេះ) និងរថយន្តដឹកដីលើសពី ២គ្រឿង ជាដើម ។

ចំពោះប្រជាពលរដ្ឋដែលធ្លាប់ប្រកបរបររករ៉ែមាស បានប្រាប់ថា ឧបករណ៍ដែលកំពុងប្រើក្នុងការដ្ឋានខាងលើនេះ គឺជាឧបករណ៍សម្រាប់រ៉ែងយករ៉ែមាស មិនមែនសម្រាប់រ៉ែងយកខ្សាច់នោះទេ ។

មេឃុំស្រែសំបូរ ស្រុកសៀមប៉ាង លោក ស៊ីង ម៉ាន់ បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះបានចូលធ្វើអាជីវកម្ម រយៈពេលជាង ២ខែមកហើយ និងមិនបានទំនាក់ទំនងមកអាជ្ញាធរឃុំនោះទេ ហើយអាជ្ញាធរឃុំក៏មិនហ៊ានដែរ ព្រោះខេត្តជាអ្នកអនុញ្ញាត។ ម្យ៉ាងក្រុមហ៊ុននោះ ក៏មិនបានជួយអភិវឌ្ឍឃុំអ្វីនោះដែរ។

ជុំវិញករណីនេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បើសិនក្រុមហ៊ុនធ្វើផ្ទុយពីអាជ្ញាបណ្ណ ខាងមន្ទីរនឹងធ្វើការផាកពិន័យ និងបញ្ឈប់ការធ្វើអាជីវកម្ម។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់អាចហ៊ានសន្និដ្ឋានថា សកម្មភាពបែបខាងលើនោះ ជាសកម្មភាពរករ៉ែមាសទេ ពីព្រោះយើងមិនអាចសន្និដ្ឋានដោយគ្មានជំនាញ និងភាពជាក់លាក់នោះឡើយ ហើយប្រសិនបើមានអ្នកជំនាញណាម្នាក់ ហ៊ានបញ្ជាក់ថា វាជាករណីរុករករ៉ែមាស សូមឲ្យគាត់បញ្ជាក់មក តើឃើញគេរុករករ៉ែមាសដែរឬទេ? ការនោះទើបបានយើងអាចរាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តវិធានការផ្សេងៗបាន ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្ត បានបន្តថា ជួនកាលម៉ាស៊ីនឧបករណ៍ខាងលើ អាចមានពហុបំណងក្នុងការប្រើប្រាស់ ដូច្នោះ យើងអាចថាអ៊ីចឹងបាន នេះជាចំណុចមួយដែលលោកឧទាហរណ៍ទេ។ ប៉ុន្ដែ លោក មិនសន្និដ្ឋានថា យ៉ាងណានោះទេ ជួនកាលយើងសន្និដ្ឋានគេបាន ថាគេមិនទៅរកខ្សាច់តែបែរជាទៅរករ៉ែមាស ប៉ុន្តែ ស្រាប់តែគេមានភាពជាក់លាក់ណាមួយជាបច្ចេកទេសរបស់គេ គេថាខ្សាច់ អានោះជាការខុសរបស់យើងទៅវិញ។ ហើយបើសិនទទួលបានព័ត៌មានជាក់លាក់ហើយ ផ្នែកខាងសមត្ថកិច្ចនឹងចាប់ផ្ដើមមាននីតិវិធីពិនិត្យជាក់ស្ដែង បើខុសនីតិវិធីមែន យើងអនុវត្តទៅតាមគោលការណ៍ច្បាប់។ លោកថា ដូចជាមិនមានអី្វសង្ស័យច្រើនទេ ពេលបច្ចុប្បន្ននេះ យើងត្រូវបង្ហាញអំពីភាពច្បាស់លាស់ និងជាក់លាក់ជាមួយគ្នាលើការងារសង្គម។

លោក ម៉ែន គុង បានបញ្ជាក់ថា ជំហររបស់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង លោកបានបញ្ជាក់ហើយបញ្ជាក់ទៀតសុំអ្វីធ្វើនោះ អនុញ្ញាតអ្វីធ្វើនោះ ធ្វើតាមគោលការណ៍។ ចំពោះក្រុមហ៊ុនផ្នែកឯកជនទាំងអស់ ដែលរួមចំណែកក្នុងការងារលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសង្គម ហើយពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សង្គមមួយប្រកបដោយនិរន្តរភាព និងចីរភាពដែលជាគោលជំហររបស់ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។

នៅថ្ងៃទី៤ឧសភា២០២៥នេះ អ្នកសារព័ត៌មាន បានស្វែងរកការទំនាក់ទំនង សុំការបំភ្លឺពីភាគីក្រុមហ៊ុន លោក ឡុង សុភា ជុំវិញការសង្ស័យថា ក្រុមហ៊ុនលោកកំពុងបង្កប់គ្រឿងចក្រ សម្ភារ និងឧបករណ៍ធំៗ សម្រាប់រែងយករ៉ែមាស ផ្ទុយពីរដ្ឋបាលខេត្តស្ទឹងត្រែង អនុញ្ញាត តែមិនអាចទំនាក់ទំនងបាននោះទេ៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *