អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងថែទាំ ខ្លោងទ្វារទី២ខាង កើតប្រាសាទបន្ទាយប្រី

(ខេត្តសៀមរាប)៖ ក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារទី២ ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះ រចនាសម្ព័ន្ធប្រាសាទ នេះ ឱ្យមានភាព រឹងមាំឡើងវិញ។

លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី២ហើយ នៃគម្រោងជួសជុល ខ្លោងទ្វារទី២ខាងកើត ប្រាសាទបន្ទាយប្រី បន្ទាប់ពីដំណាក់កាលទី១ បានធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ ក៏បានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធ ។

លោកថា ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយ កត្តាមនុស្សផងនោះ ធ្វើឱ្យសំណង់ប្រាសាទនេះ មានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យមានការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ លោក ជា សារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់លោក បានរើ និងរៀបថ្មឡើងវិញទាំងស្រុង។

លោកបន្ថែមថា ក្នុងពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំង និងដំបូល លើកលែងតែថ្មខឿន ដែលគេរកមិនឃើញ ប្រហែលគេដកយក ទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយពេលជួសជុល គេត្រូវជំនួសដោយថ្មថ្មី  ដើម្បីពង្រឹងរចនា សម្ព័ន្ធខឿនឱ្យរឹងមាំ។ បើគិតត្រឹមចុងខែមិថុនានេះ គម្រោងជួសជុលខ្លោង ទ្វារទី២ខាងកើត  កំពុងដំណើរការ ទៅមុខដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់ រួចរាល់នៅចុងខែ វិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ អីចឹងក្នុងគម្រោងដំណាក់កាលទី២ ឆ្នាំ២០២៥នេះ ក្រោយពេលបញ្ចប់ ការជួសជុលពង្រឹងគ្រឹះ ដីខ្សាច់ និងទម្រខឿន អំពីថ្មបាយក្រៀមរួច យើងនឹងចាប់ផ្តើម រៀបផ្គុំតួប្រាសាទនេះឡើងវិញ ដោយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅ ខាងជើងប្រាសាទព្រះខ័ន កសាងឡើងក្នុងរាជ្យ ព្រះបាទជ័យវ័រ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២។ ប្រាសាទនេះសាងសង់ ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុមព័ទ្ធដោយកសិន្ធុទឹកមួយជាន់។ បើទោះបីស្ថិតនៅជិត ប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនា ប្រាសាទមួយនេះ។ ដំណើរការជួសជុល ថែទាំខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ដោយអនុលោមតាម ផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាឱ្យបាននូវ សុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ រួមទាំងលើកតម្លៃ សំណង់ស្ថាបត្យ ប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការ ពង្រីកវង់ទស្សនាទៅ កាន់ប្រាសាទបន្ទាយប្រី ដើម្បីបញ្ចៀសការកកស្ទះ ពីប្រាសាទធំៗក្នុង រមណីយដ្ឋានអង្គរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *