យោធិន សួន រ៉ោន ត្រូវបានតម្លើងឋានន្តរសក្តិពីព្រិន្ទបាលឯក ទៅជាអនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ !

ខេត្តព្រះវិហារ : ព្រិន្ទបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិតដោយសារការឈ្លានពាន និងបាញ់សម្លាប់ពីសំណាក់ទាហានថៃ កាលពីព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងលេណដ្ឋាន ត្រូវបានតម្លើងឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ក្នុងឋានៈជា អនុសេនីយ៍ឯក។

ពិធីបំពាក់ឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ លោកឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

យោធិនពលី សួន រ៉ោន ជាយុទ្ធជនក្រុម១ នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥ របស់កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានបាត់បង់ជីវិត នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ព្រោះតែការឈ្លានពាន និងបាញ់ប្រហារពីសំណាក់ទាហានថៃ មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ។

ជុំវិញការបាត់បង់យោធិន សួន រ៉ោន នាយទាហាន នាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃកងពលតូចអន្តរាគមន៍ចំណុះទាំង៣ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ និងក្រោមវត្តមានរបស់ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងគ្រប់ស្ថប័នចំណុះខេត្តព្រះវិហារ បានចូលរួមគោរពវិញ្ញាក្ខន្ធ និងរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារលោក សឹង ឈួន និងលោកស្រី ឯម ហៀប ដែលត្រូវជាឳពុកម្តាយ និងបងប្អូនកូនក្មួយ នៃសពលោក សួន រ៉ោន ។

កងពលធំអន្តរាគមន៍ចំណុះទាំង៣ នៃកងទ័ពជើងគោក បានចាត់ទុកការពលីជីវិតរបស់លោកអនុសេនីយ៍ឯក សួន រ៉ោន ថាជាការបាត់បង់វីរយុទ្ធជនដ៏ឆ្នើមមួយរូប ដែលជានិច្ចកាល តែងតែលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិ មាតុភូមិកម្ពុជា។បើទោះបីរូបកាយរបស់លោក អនុសេនីយ៍ឯក សួន រ៉ោន បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូ ការលះបង់ អំណត់អត់ធន់ និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍៕samneang

You might like

Leave a Reply

Your email address will not be published. Required fields are marked *