(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាមជាមន្ត្រី ក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាម បណ្តាសាលាបណ្តុះ បណ្តាលនគរបាល ចំណុះក្រសួង នគរបាលវៀតណាម ដែលមាននៅ ភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបាន ប្រព្រឹត្តទៅនៅបរិវេណមហា វិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញ ចូលរួមពីគណៈប្រតិភូ ក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រី ក្រសួងមហាផ្ទៃជាង២០០នាក់។
លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្ត្រីសិក្ខាកាម ដោយបានមានប្រសាសន៍ថា សិក្ខាកាមត្រូវតែមាន មោទនភាពចំពោះអង្គភាព និងក្រុមគ្រួសារ ដែលបង្កលក្ខណៈ និងគាំទ្រឱ្យបានមកទទួលការបណ្តុះបណ្តាល នៅសាធារណរដ្ឋសង្គម និយមវៀតណាម ដើម្បីយកចំណេះជំនាញ បទពិសោធយកទៅបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក៏ដូចជាមនុស្សជាតិ។
បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹង ធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាព ធនធានមនុស្សក្នុងជួរកង កម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធ នឹងការបណ្ដុះបណ្ដាល ធនធានមនុស្ស។
អ្នកនាំពាក្យបន្តថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីសារៈ សំខាន់នៃការបណ្តុះបណ្តាល និងការអភិវឌ្ឍ សមត្ថភាពចំណេះជំនាញ ដោយសារតែបច្ចុប្បន្ន ពិភពលោកមានការប្រឈម មុខស្មុគស្មាញ។ ឯកឧត្តមបានរំលឹកជាថ្មីទៀត ឱ្យកងកម្លាំងជាសិក្ខាកាម ទាំងអស់ក្នុងឱកាសនៃការ សិក្សារៀនសូត្រនៅប្រទេសវៀតណាម ក៏ដូចជាការចេញទៅ បំពេញការងារតាមអង្គភាព សូមបន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាល ដែលផ្តល់ភាពកក់ក្តៅ ជាទីពឹងពំនាក់ សម្រាប់ប្រជាពលរដ្ឋ។
បើតាមអ្នកនាំពាក្យដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តកងកម្លាំង សិក្ខាកាមទាំងអស់ កុំឱ្យមានការបារម្ភខ្លាច បាត់បង់ផលប្រយោជន៍ ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំង អតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា ពីព្រោះថ្នាក់ដឹកនាំបាន យកចិត្តទុកដាក់ និងបានណែនាំឱ្យគ្រប់ អង្គភាពត្រៀមលក្ខណៈ ផ្តល់ការលើកទឹកចិត្ត រួមទាំងការរក្សាអតីតភាព នៃការរៀនសូត្រសម្រាប់ការ ស្នើដំឡើងស័ក្ដិតាមតួនាទី។
ក្នុងឱកាសនោះដែរ តំណាងសិក្ខាកាម ក៏បានឡើងប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណ ដោយចាត់ទុកវត្តមាន ឯកឧត្តមអភិបណ្ឌិត និងគណៈប្រតិភូ នាឱកាសនោះថា ជាការផ្ដល់នូវភាពកក់ ក្តៅដល់ពួកគេដែល កំពុងសិក្សារៀនសូត្រនៅ សាធារណរដ្ឋសង្គម និយមវៀតណាម។ តាមលោក រ៉េន រតនៈ តំណាងសិក្ខាកាមបានប្ដេជ្ញាចិត្ត ការពារឱ្យបានជាដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ និងការពាររាជ រដ្ឋាភិបាលស្របច្បាប់ ខិតខំសិក្សារៀនសូត្រ និងយកចំណេះជំនាញទៅបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ជាពិសេសធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រោមម្លប់និងមនុញ្ញផល នៃសុខសន្តិភាព។
សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃពិធី សំណេះសំណាល ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ សិក្ខាកាមទាំង២៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារ និងបានអញ្ជើញថត រូបអនុស្សាវរីយ៍ជាមួយសិក្ខាកាម ប្រកបដោយក្ដី សោមនស្សរីករាយ៕