(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅ វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ សម្តេច បានសម្តែងនូវសេចក្តី សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង រួមជាមួយនឹងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមចាប់មគ្គផលក្នុងការកសារព្រះវិហារ សមិទ្ធផលនានា នៅវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលចំណាយ ថវិកាសាងសង់អស់ជាង ២២ម៉ឺដុល្លារសហរដ្ឋអាមេរិក។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់ តែច្បាស់អំពីជំនឿដ៏ មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយ សទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋ។ ទីវត្តអារាមមិនត្រឹមតែជា កន្លែងសម្រាប់គោរព បូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែង សិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំ កាយវាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យដើរតាមគន្លងនៃព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។
នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងធ្វើរបាយការណ៍ នៃការកសាងវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលវត្តនេះបានចាប់ផ្តើ មកសាងរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ៣៣ឆ្នាំហើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការ កែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួម ចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញ ច្បាស់អំពីការគិតគូរ ជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ សេង ណារិទ្ធ