មន្ត្រីបរិស្ថានចុះពិនិត្យនិងណែនាំ ដល់ក្រុមហ៊ុនកាស៊ីណូខ្ញុំ ឲ្យឈប់បង្ហូរទឹកកខ្វក់ចេញមកខាងក្រៅ…

(ខេត្តកំពត)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញក្រសួង និងមន្ទីរបរិស្ថានខេត្តកំពត រួមទាំងអាជ្ញាធរស្រុក និងភូមិឃុំ បានចុះពិនិត្យទីតាំងកាស៊ីណូខ្ញុំ ស្ថិតនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់តា្រច ខេត្តកំពត ដែលបានបង្ហូរកាក សំណល់រាវបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋជុំវិញនោះ។ មន្ត្រីជំនាញបានណែនាំ ឲ្យរៀបចំប្រព័ន្ធលូបង្ហូរទឹក សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងហាមបង្ហូរទឺកចេញក្រៅ។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក អេង ប៉ូឡូ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង ពាក់ព័ន្ធការបង្ហូរទឹក កខ្វក់ចេញពីក្រុមហ៊ុន “កាស៊ីណូខ្ញុំ” បង្កឲ្យមានក្លិនស្អុយប៉ះពាល់បរិស្ថាន អនាម័យរស់នៅរបស់ប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញកាស៊ីណូប្រមាណ៩គ្រួសារ  មន្ត្រីជំនាញមន្ទីរបរិស្ថានបានចុះពិនិត្យ និងបានណែនាំនូវលក្ខណៈបច្ចេកទេស និងវិធានការគាំពារបរិស្ថាន ច្រើនជំហានរួចមកហើយ។

ជាក់ស្តែងថ្ងៃនេះ មានទាំងមន្ត្រីជំនាញ ខាងក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរស្រុក និងភូមិឃុំផងដែរ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំរបស់ក្រុមហ៊ុន ដើម្បីលប់បំបាត់ការបង្ហូរ ទឹកកខ្វក់ចេញមកខាងក្រៅ បរិវេណកាស៊ីណូ ឬបង្ហូរចូលព្រែក រួមទាំងពិនិត្យការ គ្រប់គ្រងសំរាមផងដែរ។

លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតក្រោមការ ដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកតែងតែជំរុញណែនាំ អាជ្ញាធរ មន្ទីជំនាញពាក់ព័ន្ធ កងកម្លាំង ប្រជាពលរដ្ឋ ឲ្យរួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន ទាំងនៅទីតាំងឯកជន និងសាធារណៈ ដើម្បីទាក់ទាញទេសចរ ឲ្យមកលេងខេត្តកំពត។ ហើយកន្លងមកមន្ទីរ បានខិតខំប្រឹងប្រែង និងចុះជំរុញ ណែនាំដល់បណ្តាអាជីវកម្ម ឬសេវាកម្ម ដើម្បីធ្វើកិច្ច សន្យាគាំពារបរិស្ថាន។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថា តើទឹកកខ្វក់បំភាយក្លិនស្អុយនោះ មានផលប៉ះពាល់យ៉ាងណាដល់បរិស្ថាន និងសុខភាពរបស់ ប្រជាពលរដ្ឋនៅឡើយទេ ខណៈដែលមន្ត្រីជំនាញក្រសួងបរិស្ថាន ទើបបានយកទឹកកខ្វក់នោះ ទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីញែករកសារធាតុពុល និងផលប៉ះពាល់ផ្សេងៗ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *