(ភ្នំពេញ)៖ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាលបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លើយតបទៅ នឹងគោលនយោបាយ អាទិភាពទាំង៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខ ងារសាធារណៈ រួមមាន៖ ការពង្រឹងសមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ក្នុងនោះក្រសួងបានកំណត់ និងបំពេញកិច្ចការចម្បងៗចំនួនបី។
កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចការចម្បងទាំងបីដែល លើកមកបង្ហាញក្នុង សន្និបាតប្រចាំឆ្នាំនេះ ក្នុងនោះ ៖១. ការពង្រឹងសមត្ថភាពមន្រ្តី ៖ ការរៀបចំផែនការជ្រើសរើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ,ការបណ្តុះបណ្តាលបន្ត ,ការប្រើប្រាស់មន្ត្រីឱ្យស្របតាមឧបនិស្ស័យនិងជំនាញ និងលើកទឹកចិត្តមន្ត្រីឱ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។២. ការពង្រឹងសមត្ថភាពស្ថាប័ន ៖រៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តិសមស្រប និងមានសង្គតិភាព, លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងបុគ្គលិក តាមរយៈការវិភាគមុខងារ ការកែសម្រួល រចនាសម្ព័ន្ធរបស់ក្រសួង, ការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប។
ចំណែកកិច្ចការទី ៣. ការលើកកម្ពស់ប្រព័ន្ធលើក ទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយលើកទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ។
គូសរំលេចក្នុងឱកាសបើកសន្និបាតឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញថា រយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ។នេះជាពេលវេលាដែល យើងត្រូវងាកមកផ្តោត លើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ ក្នុងការបម្រើប្រជាជនកម្ពុជា៕