សមាគមសារព័ត៌មានឯករាជ្យ IPA រៀបចំសន្និបាតបូក សរុបការងារ២០២៤ និងលើកទិសដៅ២០៥ មានអ្នកចូលរួម ជាង៥០០អង្គ/នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣០ខែមិនាឆ្នាំ២០២៥នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានរៀបចំ សន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២៤ និងកំណត់ទិសដៅឆ្នាំ ២០២៥ ស្ថិតនៅភោជនីយដ្ឋាន ទន្លេបាសាក់ រាជធានីភ្នំពេញ។ កម្មវិធីនេះមានអ្នកចូលរួមយ៉ាងហោច ៥០០ អង្គ/នាក់ ដែលរួមមាន ចាងហ្វាង និពន្ធនាយក អ្នកសារព័ត៌មានរួមទាំងសមាជិក IPA និងក្រុមហ៊ុនបណ្ដាជាដៃគូរបស់សារព័ត៌មានIPA ផងដែរ។

ក្នុងពិធីបើកអង្គសន្និបាត នឹងប្រារព្វឡើងក្រោម អធិបតីភាព លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ។

លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA បានថ្លែងនៅក្នុងពិធីបើកថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ការងារសម្រេចបាន,  កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥។

លោក ឡុង ឆ័យណាវ បានលើកឡើងបន្ថែមទៀតថា សន្និបាតនេះក៏បានផ្តោត លើការលើកកម្ពស់ វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាព និងទទួលបានការ គាំទ្រពីសង្គម។

លោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ មានប្រសាសន៍ថា របៀបវារៈនៃអង្គសន្និបាតបានផ្ដោតលើ

១. ពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤.

២. ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់សមាគម

៣. ពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៥

៤. បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម

លោកបណ្ឌិត ទូច វណ្ណៈ បានបន្ថែមទៀតថា របៀបវារៈនៃអង្គសន្និបាត ក៏បានផ្ដោតលើប្រធានបទ ចំនួន២សំខាន់ដែរ គឺប្រធានបទទី១ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រធានបទទី២ ការឈ្វេងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើត ឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជា អ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជី ក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាព លើវិស័យសារព័ត៌មាន របស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

បច្ចុប្បន្នសមាគម សារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ជាសមាជិកសរុបចំនួន៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មាន ឯករាជ្យរាប់ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *