អភិបាលខេត្តកំពតអំពាវនាវ ដល់យុវជនសាសនិក ឥស្លាមគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព…

(ខេត្តកំពត)៖ អភិបាលខេត្តកំពតបានលើកឡើងថា គ្រប់ជាតិសាសន៍ និងគ្រប់សាសនានៅកម្ពុជា មានថ្ងៃខួបកំណើតទី២ ដូចគ្នាគឺ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំរំដោះជាតិមាតុភូមិ ពីរបបប្រលៃពូជសាសន៍ប៉ុល ពត ហើយនាំមកនូវសុខសន្តិភាពពេញបរិបូរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ដូច្នេះសូមបងប្អូនខ្មែរឥស្លាម ពិសេសយុវជនជំនាញក្រោយ សូមបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខ សន្តិភាពពេញមួយជីវិត។

ថ្លែងក្នុងពិធីជួបជុំប្រចាំឆ្នាំ លើកទី៤ ជាមួយសិស្ស និស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំអ៊ីស្លាម ឆ្នាំ២០២៤  ដែលរៀបចំធ្វើឡើងនៅសាលបូកគោ ខេត្តកំពត នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរឥស្លាម ដែលតែងតែជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាលរហូតមក ដែលនេះបង្ហាញអំពីការដឹងគុណ សងគុណដល់សម្តេចតេជោ សងគុណដល់ទឹកដីកំណើត ដែលយើងបានរស់ឡើងវិញ ដោយសារថ្ងៃ ៧មករា ១៩៧៩ ។ ហើយឯកឧត្តមបានអំពាវនាវពលរដ្ឋ ពិសេសយុវជនសាសនិកឥស្លាមជំនាន់ក្រោយ សូមឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាព ឲ្យស្ថិតស្ថេរយូរអង្វែងទៅមុខទៀត ។

ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេស ក៏ដូចសហគមន៍ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទឹសដៅសម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រិតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ាត្រឹមត្រូវ  យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក  ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹម ផ្តល់ក្តីស្រលាញ់ដល់គ្នា និងដាស់តឿនក្រើនរំលឹកគ្នា ជំរុញគ្នាឱ្យធ្វើអំពើល្អ បោះបង់រាល់អំពើអាក្រក់ និងប្រកាន់យកនូវក្រមសីលធម៌ល្អ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *