(ខេត្តបាត់ដំបង)៖ កាលីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្រុមអ្នកនាំពាក្យ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តីនៃការិយាល័យ ស្រាវជ្រាវនិងបង្រ្កាប អំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន សហការជាមួយកង រាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួត ពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូន ជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញ ពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារ បែបបទនាំចូល។
ដោយមានការសង្ស័យ លើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករ បានស្នើកិច្ចសហការពី មន្រ្តីនៃសាខាការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យ រកសារធាតុគីមី និងគុណភាព។
ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ច ចម្រុះបានសុំការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេច ជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន ៕