(ខេត្តក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជា អធិបតីភាពដើម្បី អបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងសមាជិក សមាជិកាប្រមាណ ១២០០ នាក់នៅបរិវេណទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសមិទ្ធផល ជាច្រើនរបស់គណបក្សប្រជាជន កម្ពុជា សម្រេចជូនជាតិកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៦ឆ្នាំ ក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស, គណបក្ស ប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិ។ ឯកឧត្តមបានថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមក អាចជំនួសគណបក្ស ប្រជាជនកម្ពុជាក្នុងតួនាទី ស្នូលការពារសន្តិភាព អភិវឌ្ឍជាតិ ការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីបានឡើយ។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនោះទេ។ ពោលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលនៅមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់តាំងពីថ្ងៃបដិសន្ធិ មកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខ ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរ តស៊ូហើយបានប្រមូលផ្ដុំ រាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជន នៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យ របស់ខ្លួនដែលឆ្លើយតបទាំងស្រុង ទៅនឹងបំណង់ប្រាថ្នារបស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំង ប្រជាជាតិខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូងរដ្ឋធមនុញ្ញនៃ ព្រះរាជណាចក្រកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរ ដែលចាក់ផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សា ហើយរួមរស់នៅជាមួយគ្នា ដោយសុខុដុមរមនាទាំងក្នុង គ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ៕