សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រយៈពេល៧៤ឆ្នាំ បង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខ រួមទុក្ខជាមួយប្រជាជន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ។

ថ្លែងក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នូវ គោលបំណងនៃការប្រារព្ធពិធីនេះ ឡើងក្នុងស្មារតីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះបុព្វ សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេង នៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិ ជាទីស្នេហានៃយើង បានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគំរូវីរភាព ដ៏ថ្លៃថ្លាបំផុតនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយកម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ​ ឱ្យគង់វង្សជារៀងរហូត។

ក្នុងឱកាសនោះ សម្តេចតេជោ មានប្រសាសន៍ថា៖ “ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជន កម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខ​ ជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិ ទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម”។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្តូរផ្តាច់ការពារ បូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពី សម័យអាណានិគមនិយម ឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្តើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាព ទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យ អាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យ បាត់បង់សូម្បីតែមួយចំណែកតូចណាក្តី»។

សម្ដេចតេជោក៏បានអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។

ក្នុងឱកាសនោះដែរ សម្ដេចតេជោប្រធានគណបក្យ ប្រជាជនកម្ពុជា ក៏បានថ្លែងនូវការគោរព ចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែល កំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្តេជ្ញាចិត្ត យ៉ាងមោះមុតបំផុត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *