(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធីបតីក្នុង ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ពិធីបើកឱ្យដំណើរការជា ផ្លូវការនេះមានគោលបំណង ដាក់ឱ្យដំណើរការប្រព័ន្ធ លក់លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ប្រជាពលរដ្ឋឱ្យ បានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែម សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរ ចំណូលថវិកាជាតិបន្ថែម និងដាក់ឱ្យដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈទី៤ នៅផ្សារទំនើបអូឡាំព្យា ដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ បង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការ ផ្តល់សេវាសាធារណៈ របស់ក្រសួងដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានលើក ឡើងពីសមិទ្ធផលការងារ ជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាន នាពេលកន្លងមក ដែលកើតឡើងដោយ កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំទាំងនៅក្នុង អាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូល រួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរបំពេញ ការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ការបើកឱ្យប្រើប្រាស់លេខ ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវា សាធារណៈផ្សារទំនើបអូឡាំព្យា នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាព សម្រាប់ជំរុញកំណើនប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល តាមរយៈការប្រើប្រាស់ សក្តានុពលបច្ចេកវិទ្យាឌីជីថល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ភាគីពាក់ព័ន្ធ ដែលបានសហការ រៀបចំប្រព័ន្ធលក់លេខ ពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវា សាធារណៈនេះឡើង ព្រមទាំងអរគុណដល់ ក្រុមហ៊ុនកាំត្រង់ស៊ីប ដែលតែងតែផ្តល់ការ គាំទ្រដល់ការលើក កម្ពស់សេវាសាធារណៈរបស់ក្រសួង និងផ្សារទំនើបអូឡាំព្យា ដែលបានផ្តល់សម្ភារ និងទីតាំងសម្រាប់រៀបចំមណ្ឌល និងស្នើដល់អង្គភាពជំនាញ គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនឯក ជនដែលជាដៃគូ សហការរបស់ក្រសួង សូមបន្តកិច្ចសហការឱ្យ កាន់តែសកម្មថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការឆ្លើយតប ការដោះស្រាយបញ្ហា និងសំណូមពររបស់ ប្រជាពលរដ្ឋប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕