(ភ្នំពេញ)៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់ តែរឹងមាំឡើង។
ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជាដ៏កម្សត់នេះ ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើល ងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជាបានងើបឈរឡើងវិញ ប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេស។ សម្តេចតេជោគូសបញ្ជាក់ថា៖ «យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយ ប្រជាជាតិណាមួយឡើយ»។ នៅក្នុងចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាព ច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្ដី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរ ដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់ រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ព្រំដែននៅចំណុចផ្សេង ទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្រប តាមអនុស្សរណៈនៃការយោគយល់គ្នារ វាងប្រទេសទាំងពីរនៅឆ្នាំ ២០០០។ សម្ដេចតេជោ ក៏បានថ្លែងរម្លឹកថា ពីអតីតកាលកម្ពុជា បានបាត់បង់ទឹកដីរបស់ ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្ដើមយកពីបរទេស។ យើងប្ដូរផ្ដាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ ពីសម័យអាណានិគម និយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្ដី។
សម្ដេចតេជោប្រធានគណបក្ស ប្រជាជនកម្ពុជាបាន គូសបញ្ជាក់បន្ថែមថា៖ «សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេស វិសាលដែលយើងសម្រេច បានមកយ៉ាងលំបាកតាមរយៈ នយោបាយឈ្នះ ឈ្នះដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់និងការទប់ទល់ នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាពនៅមានការ គំរាមកំហែងនៅឡើយពី សំណាក់ក្រុមជ្រុល និយមមួយក្ដាប់តូច ដែលព្យាយាមធ្វើឱ្យ សង្គមមានការបែកបាក់ ពោរពេញដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅ ផ្ដួលរំលំរាជរដ្ឋាភិបាលតាម មធ្យោបាយហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ យើងត្រូវអរគុណសន្តិ-ភាព ត្រូវរួមគ្នាថែរក្សាការពារ សន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ ចលនាជ្រុលនិយម ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញ សន្តិភាពបានឡើយ។»
សម្ដេចតេជោបញ្ជាក់ឱ្យដឹងទៀតថា ចំពោះជនទាំងឡាយ ដែលនៅតែបន្ត សកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេច ផុតពីសំណាញ់ច្បាប់បានឡើយ៕