នាយករដ្ឋមន្រ្តីកម្ពុជា៖ អាជ្ញាធរថៃ ឬប្រជាជនថៃ ដែលចង់ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញ សូមស្នើទៅភាគីថៃ ដែលជា អ្នកប្រើប្រាស់វិធានការបិទ ព្រំដែនមុននិងដោយឯកតោភាគី

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានណែនាំទៅប្រជាជន ឬអាជ្ញាធរថៃ ដែលចង់ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញ ស្នើទៅអ្នកមានអំណាចពិតប្រាកដក្នុងប្រទេសថៃ ដែលជាអ្នកប្រើប្រាស់វិធានការបិទ ព្រំដែនមុននិងដោយឯកតោភាគី។

សម្ដេចធិបតី គូសបញ្ជាក់ថា បញ្ហានេះ អាចដោះស្រាយបានតាមរយៈភាគីថៃ បើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែន ខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរស្ថិត នៅក្នុងដៃរបស់ភាគីថៃហើយ។

ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី កម្ពុជាទទួលបានលិខិត ពីភាគីនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន និងអនុញ្ញាតឲ រថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ក៏បានបញ្ជាក់ ៤ ចំណុច ទៅប្រជាពលរដ្ឋនៃប្រទេសទាំងពីរ យ៉ាងដូច្នេះថា៖

១. កម្ពុជាយល់ច្បាស់អំពី ការលំបាករបស់ប្រជាពលរដ្ឋ ទាំងខាងកម្ពុជា ទាំងខាងថៃដែលរង ផលប៉ះពាល់ពីការ បិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់ វិធានការបិទ ច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅ តំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមាន បំណងពង្រីកភូមិសាស្ត្រ ដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យ ប៉ះពាល់ដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃ និងខ្មែរតាមបណ្ដោយព្រំដែនទេ។

២. កម្ពុជាមិនមែនជាអ្នក ចាប់ផ្តើមធ្វើការបិទ-បើកច្រក ព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើម ធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌ កម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជា ពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រក ព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបាន ប្រកាសបិទច្រកទាំងអស់ ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។

៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយ របស់រាជរដ្ឋាភិបាលថៃ  រួមជាមួយភាពមិនស៊ីចង្វាក់គ្នា រវាងគោលការណ៍ដែល ថ្នាក់ដឹកនាំនយោបាយ ថៃបានដាក់ចេញ និងការអនុវត្ត ជាក់ស្ដែងនៅលើដី ដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។

៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជា មួយនឹងការបិទច្រក ព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែល បានចាប់ផ្ដើមដាក់វិធាន ការបិទច្រកព្រំដែនជាឯក តោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ ធ្វើការបើកច្រកព្រំដែន អោយដូចស្ថានភាពដើមជា ឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរស្ថិតនៅក្នុងដៃរបស់ ភាគីថៃហើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *