តើលោកឧកញ៉ា ទន់ ឆៃអ៊ាង ដែលបានចាក់ថ្ម ចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ចប់ត្រឹមកាយថ្មវិញមែន រឺយ៉ាងណា ?

(ខេត្តកំពង់ចាម)៖ តើលោកឧកញ៉ា ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ចប់ត្រឹមកាយថ្មវិញមែន? នេះជាលើកឡើងចំពោះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាលើបណ្តាញទំនាក់ទំនងសង្គម បញ្ចេញចម្ងល់ថា ហេតុអីក៏បុគ្គលរូបនេះ អាចប្រើពេលជាច្រើនសប្តាហ៍ ដើម្បីធ្វើសកម្មភាពចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បែជាអាជ្ញាធរ ភូមិ ឃុំ ស្រុក ទើបនឹងដឹង ?

សូមជម្រាបថា ៖ បុគ្គលដែលចាក់ថ្ម ចូលទន្លេមេគង្គ ប្រុងយកធ្វើជា កម្មសិទ្ធិនៅស្រុកស្រីសន្ធរ បានចាប់ផ្តើម កាយថ្មដឹកចេញវិញហើយ ក្រោយអាជ្ញាធរខេត្តកំពង់ចាម ទុកពេលឲ្យ៧០ថ្ងៃ ។ លោកឧកញ៉ា ទន់ ឆៃអ៊ាង ដែលបានចាក់ ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។

ការយកគ្រឿង ចាក់កាយ ថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរ ខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយ បានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុង រយៈពេល៧០ថ្ងៃ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូល ផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗអភិបាល ខេត្តកំពង់ចាម បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា ពិតជាមាន សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ពិតប្រាកដមែន ដោយសកម្មភាពនេះ បានដំណើរការជិត ២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។

ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់ បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាព ចាក់ថ្មចូលទន្លេនេះ អនុវត្តដូច ខាងក្រោម៖ទី១៖ បញ្ឈប់សកម្មភាពចាក់ ថ្មចូលផ្ទៃទន្លេដោយគ្មាន ច្បាប់អនុញ្ញាត ទោះក្នុងហេតុផល ណាមួយក៏ដោយ ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយ នេះចេញវិញឲ្យអស់ យ៉ាងយូរក្នុងរយៈពេល  ៧០ថ្ងៃកំណត់ និងមិនត្រូវកាយ ពង្រាយទម្លាក់ចូលក្នុង ទឹកទន្លេឡើយ ដើម្បីបញ្ចៀសផល ប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើ ចរាចរណ៍តាមផ្លូវទឹក

ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍ មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការ កាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាល ខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្ត វិធានការនេះ នៅរៀងរាល់មួយ សប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង។

លោក វង្ស សំអាង និងលោក កៅ ម៉េងសៀង ជាតំណាងរបស់លោកឧកញ៉ា ទន់ ឆៃអ៊ាង ជាភាគីម្ចាស់ដី បានទទួលស្គាល់នូវសកម្មភាពនៃការចាក់ថ្ម និងការរកឃើញ របស់ក្រុមការងារ របស់រដ្ឋបាលខេត្ត ដូចបានបញ្ជាក់ខាងលើ ព្រមទាំងយល់ ព្រមអនុវត្តវិធានការរបស់ រដ្ឋបាលខេត្តទាំង០៣ចំណុច ដូចខាងលើ។

ដោយឡែក ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេដើម្បី ចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើស  ដែលមានបញ្ញត្តិនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់ គ្រងធនធានទឹក នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ចែងថា៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពីប្រាំលាន (៥ ០០០ ០០០)រៀល ដល់ដប់លាន (១០ ០០០ ០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ (១) ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ ចំពោះបុគ្គលដែល បង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ ដល់សាធារណជន អ្នកសារព័ត៌មាន  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាល ខេត្តកំពង់ចាម ដែលបានចាត់វិធានការ បន្ទាន់ក្នុងការ ទប់ស្កាត់សកម្មភាព ចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែ រក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ។

ក្នុងន័យនេះ ក្រសួងនឹងបន្តតាម ដានវិធានការកំណត់ ដែលដាក់ចេញ ដោយរដ្ឋបាលខេត្ត ចំពោះភាគីម្ចាស់ដី។ ដូច្នេះ តើលោកឧកញ៉ា ទន់ ឆៃអ៊ាង ដែលបានចាក់ថ្ម ចូលទន្លេមេគង្គ ប្រុងយកធ្វើជា កម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ចប់ត្រឹមកាយថ្មវិញមែន ? ឬមួយបន្តនីតិវិធី រឿងព្រហ្មទណ្ឌ នៃបទល្មើស ដែលមានបញ្ញត្តិ នៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រង ធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ! ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើស សមត្ថកិច្ចជំនាញ មន្ត្រីនគរបាលយុត្តិធម៌ អាចបន្តកិច្ចការនេះ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *