(ខេត្តបន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយបានទទួលពាក្យ បណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ស្ដីពីករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺ ផាកស៊ីធី ស្ថិតក្នុង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួល ពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតកំណត់ មុខសញ្ញាបាន នៅម៉ោង៣រសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ហើយឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ជាជនជាតិចិន តាមពាក្យបណ្ដឹង នៅចំណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងដកហូតវត្ថុតាងរួនមាន អាវុធខ្លីចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងចំនួន០១ដើម ម៉ាក ESCORT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រាប់ចំនួន០២គ្រាប់ បង់អាវុធចំនួន០៣ ដំបងឆក់ ចំនួន០១ដើមគ្រាប់អាវុធខ្លី ចំនួន៦០គ្រាប់ ខ្នោះដៃចំនួន២គូរ គ្រឿងញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លា ចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម គ្រឿងញៀន ប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម គ្រឿងញៀនប្រភេទម្សៅពណ៌ស (កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ ខ្លួនជាច្រើនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ទី១.ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០២នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបាន ប្រគល់កាំភ្លើងខ្លី ចំនួន០២ដើម និងកាំភ្លើងវែងចំនួន០១ដើម ព្រមទាំងគ្រាប់កាំភ្លើង មួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស ហើយរូបខ្លួនបាន យកកាំភ្លើងនោះមករក្សាទុក ក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ។
បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់ មិនបានទើបប្រើប្រាស់ អាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វា ពិតប្រាកដមែន ចំណែកគ្រឿងញៀន ដែលសម្ថកិច្ចដកហូតខាងលើ គឺពួកគេទិញមក សម្រាប់ប្រើប្រាស់ខ្លួន ឯងតែប៉ុណ្ណោះ។
ដោយយោងតាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តចាត់ ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាប បទល្មើសខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់តាមនីតិវិធីហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ៕