កម្ពុជាបង្ហាញ ពីការរំលោភបំពាន របស់ថៃចំពោះកិច្ចការ កំណត់ព្រំដែន…..

(ភ្នំពេញ)៖ សម្តេចបវរធិបតីហ៊ុនម៉ាណែត កាលពីថ្ងៃទី៥កក្កដាឆ្នាំ២០២៥ បានបង្ហោះនៅក្នុង បណ្តាញសង្គមនូវ អនុស្សរណៈនៃការយោគយល់ គ្នារវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែងនិងខិត ព្រំសីមាព្រំដែនគោក ដែលភាគីទាំងពីរបាន ចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរ និងសកលលោក មើលឃើញថា  ថៃបានរំលោភបំពានទៅ លើកិច្ចព្រមព្រៀងដោះ ស្រាយព្រំដែនទាំងស្រុង។

អនុស្សរណៈរវាងកម្ពុជានិងថៃនេះ បានធ្វើនៅទីក្រុងភ្នំពេញកាលពី ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០០ជាភាសាខ្មែរ-ថៃ និងភាសា អង់គ្លេស អត្ថបទទាំងអស់នេះ មានតំលៃស្មើគ្នា ។ ក្នុងករណីការបកស្រាយខុសគ្នា ឯកសារភាសា អង់គ្លេសនឹងត្រូវយកមកធ្វើជាឯកសារគោល ។ ឯកសារនេះបានចុះ ហត្ថាលេខាដោយឯកឧត្តម វ៉ា គឹមហុង ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ជួសមុខអោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រីឯឯកឧត្តម សុខុមបាន បារីប៉ាត្រា អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ជួសមុខអោយ រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។

អនុស្សរណៈនេះបានកើតឡើង បន្ទាប់ពីមានសេចក្តី ប្រកាសរួមរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៤ ស្តីពីការយល់ព្រមបង្កើត គណៈកម្មាធិការចំរុះកិច្ចការព្រំដែន កម្ពុជា- ថៃ នៅពេលសមស្របមួយ និងយោងទៅលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតគណៈកម្មការចំរុះកិច្ចការព្រំដែនកម្ពុជា-ថៃ ក្នុង ការខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ ដោយបានព្រមព្រៀងបង្កើតគណៈកម្មក កិច្ចការព្រំដែនកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដែលមានភារកិច្ចបោះ បង្គោលព្រំដែន ដើម្បីជាសញ្ញា សំគាល់ខ្សែព្រំដែន រវាងប្រទេសទាំងពីរ ។

តាមរយៈអនុស្សរណៈនេះ ភាគីកម្ពុជានិងថៃបាន ព្រមព្រៀងគ្នាថា ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារ អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យ នៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនិងដែនដី និងការព្រមព្រៀងដ៏ទៃទៀត ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។

ឯកសារសន្ធិសញ្ញារវាង ព្រះមហាក្សត្រសៀម និងលោកប្រធានាធិបតី នៃសាធារណៈរដ្ឋបារាំង ដែល បានចុះហត្ថលេខា នៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែន ដែលជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងផ្អែកលើ បណ្តាផែនទីដែលជាលទ្ធផល នៃកិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូ ចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និង ឯកសារដទៃទៀត ដែលទាក់ទងទៅនិង ការអនុវត្តន៍នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាង បារាំង-សៀម ។

ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជាបានចេញ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៤កក្កដាឆ្នាំ២០២៥ថា ភាគីថៃមិនគោរព អនុស្សរណៈឆ្នាំ២០០០ ហើយបង្កអោយមានភាពតានតឹងតាមបណ្តោយ ព្រំដែនក្លាយទៅជាការ ផ្ទុះអាវុធដែលបានកើត ឡើងនៅចន្លោះឆ្នាំ ២០០៨-២០១១ រហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា នៅក្នុងអនុស្សរណៈឆ្នាំ២០០០នេះ ភាគីកម្ពុជានិងថៃបាន ព្រមព្រៀងបង្កើតគណៈ កម្មការចំរុះកម្ពុជា-ថៃ មួយដើម្បីដោះស្រាយកិច្ចការ ព្រំដែនដែលមានឈ្មោះថា គណៈកម្មការចំរុះកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោក។ ប៉ុន្តែអ្វីដែលចម្លែកគឺ គណៈកម្មការចំរុះ កម្ពុជា-ថៃ ដែលកើតចេញពី អនុស្សរណៈឆ្នាំ២០០០នេះដែរ បែរជាមិនគោរពកិច្ច ព្រមព្រៀងរបស់អនុស្សរណៈ ឆ្នាំ២០០០នេះ ស្តីពីឯកសារនិងផែនទី សម្រាប់វាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទៅវិញ។

ការបំពានរបស់់ភាគីចំពោះអនុស្សរណៈ ឆ្នាំ២០០០នេះបានកើត ឡើងនៅពេលភាគីថៃ ទទូចប្រើប្រាស់ផែនទីដែលគូរដោយ ឯកតោភាគីនៅក្នុង កិច្ចប្រជុំគណៈកម្មការចំរុះកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមា ព្រំដែនគោក ដែលទង្វើនេះផ្ទុយនឹង ខ្លឹមសារ និងស្មារតីនៃអនុស្សរណៈ យោគយល់គ្នាឆ្នាំ២០០០ ដែលចែងអំពីការប្រើប្រាស់ ផែនទីផលិតដោយគណៈកម្មការចំរុះបារាំង-សៀម និងការប្រកាសចង់ប្រើ កម្លាំងរបស់យោធាថៃដើម្បី ដោះស្រាយតំបន់ជម្លោះ។

ក្នុងកាលៈទេសៈនេះ កម្ពុជាបានសន្និដ្ឋានថា យន្តការទ្វេភាគីលែងមាន លទ្ធភាពហើយក្នុង ការដោះស្រាយ វិវាទលើចំណុចមួយចំនួន ដែលអូសបន្លាយ យូរមកហើយនេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះដោយ សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាមានបំណងប្រែក្លាយ ព្រំដែនរួមទៅជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជនទាំងពីរ។

តែជាមួយគ្នានេះ កម្ពុជានឹងការពារយ៉ាង ម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដែលជាសិទ្ធិត្រូវបានធានាសម្រាប់ រដ្ឋអធិបតេយ្យទាំង អស់នៅក្រោមច្បាប់អន្តរជាតិ ហើយរំពឹងថាប្រទេស ជិតខាងរបស់ខ្លួនក៏នឹងធ្វើ សកម្មភាពក្នុងស្មារតី គោរពគ្នាទៅវិញទៅមក និងរួមរស់ដោយសន្តិភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *