(ខេត្តបាត់ដំបង)៖ មានករណីផ្ទុះពីដុងថ្នាំទាំងយប់ បង្ករជាអគ្គីភ័យធ្វើ អោយខូចខាតសម្ភារៈ ក្នុងផ្ទះមួយចំនួននិង បណ្តាលអោយរងរបួសស្រាលធ្ងន់ ដល់មនុស្ស២នាក់ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី យប់ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៥វេលា ម៉ោង២០និង៤០នាទី នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីផ្ទុះពីដុងថ្នាំខាងលើនេះ បណ្តាលអោយមនុស្ស២នាក់ បានរងរបួសធ្ងន់និងស្រាល ទី១ឈ្មោះ ខំ សំណាង ហៅ(ចក់) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់) និងទី២ឈ្មោះ រឿម សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល) ទាំងពីរនាក់រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តរទៀតថា សម្ភារះខូចខាតរួមមាន បែកពាងទឹកចំនួន០១ ឆេះម៉ូតូ ចំនួន០១គ្រឿង និងប៉ើងដំបូលរោងអស់ស័ង្កសី ចំនួន២០សន្លឹក ព្រមទាំងឆេះថ្នាំសំរាប់ ដាក់តាង៉ែនចំនួន០៥ពីដុង ក្នុងមួយពីដុង០៥លីត្រទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុផ្តើមចេញពីជនរងគ្រោះ បានយកឈើទៅបុកថ្នាំ ដែលកកនៅក្នុងពីដុង ក៏បណ្ដាលអោយផ្ទុះឡើងតែម្តង បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យស្រុកសំពៅលូន៕ ដោយលោក មួន រិទ្ធិយ៉ា