ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំ)៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បាននាំយកទៀន ចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីប្រគេនទៀន ចំណាំព្រះវស្សានេះ ត្រូវបានប្រារព្ធនៅទី តាំង២ដាច់ដោយឡែកពីគ្នា គឺនៅវត្តឧទុម្ពរ ហៅវត្តក្រាំងល្វា ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងនៅវត្តខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណ និងព្រះចៅអធិការវត្តទាំង៦០ ក្នុងស្រុកទាំងពីរ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុក ដែលជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក សាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ លោកអភិបាលនៃគណៈ អភិបាលស្រុកសាមគ្គីមានជ័យ និង លោកអភិបាលរងនៃ គណៈអភិបាល ស្រុកទឹកផុសរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងលោកយាយ លោកតា ទាំងអស់ផងដែរ។

ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្តថា សមិទ្ធផលនានា ពិធីប្រគេនទៀនចំណាំព្រះវស្សា និងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ អាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ មានស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ដែលបានមកដោយសារការយកជីវិតជាដើមទុន និងការដឹកនាំដ៏ឈ្លាសវៃ និងកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំ ប្រកបដោយថាមវន្តរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាម្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយដឹកនាំ ប្រទេសឈានទៅរក ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធ ផលដែលមានស្រាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយបន្ដគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹង ករណីវិវាទព្រំដែននៅ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ទន្ទឹមនឹង ការប្រើយន្តការទ្វេភាគី ដែលមានស្រាប់ក្នុងការចរចារ និងដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ព្រមទាំងការត្រៀម កម្លាំងការពារទឹកដី និងវាយបកលើស ត្រូវក្នុងករណីមានការ ឈ្លានពានណាមួយ មកលើកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *