(ភ្នំពេញ)៖ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកាល ពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងជំនួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង បានសំដែងភាពធុញទ្រាន់ចំពោះវិបត្តិច្រកព្រំដែន ជាមួយថៃដែលបាន អូសបន្លាយប្រមាណ១ខែ កន្លងមកនេះហើយត្រូវបាន ថ្នាក់ដឹកនាំថៃបបួលចរចា។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរគ្មានការ ចរចាបញ្ហាបើកច្រក ព្រំដែននោះទេ ព្រោះពេលបិទគឺថៃបិទជាឯកតោភាគី។ ការកែសម្រួលពេលម៉ោង បិទបើកច្រកព្រំដែនជា ឯកតោភាគីរបស់ថៃ និងមិនជូនដំណឹងដល់កម្ពុជានេះ គឺជាការរំលោភ លើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែន ដែលបានព្រមព្រៀងគ្នា ។
ការបិទច្រកព្រំដែនខុសពី ទម្លាប់ធម្មតាដោយឯក តោភាគីរបស់ថៃនេះ ត្រូវបានសម្តេចតេជោ ហៅថាជា “ស្ថានភាពចាញ់-ចាញ់”។ ជាតថភាព យើងឃើញថាការ បិទច្រកព្រំដែននឹងបង្ក ប៉ះពាល់ដល់បញ្ហា ធ្វើពាណិជ្ជកម្ម ដល់ប្រទេសទាំងសង្ខាង។ ប៉ុន្តែសម្តេចតេជោបាន បញ្ជាក់ថាអ្នកដែលចាញ់ធ្ងន់ ជាងគេមិនមែនខ្មែរទេ។ អាស្រ័យហេតុនេះ បានជាថៃបបួល ចរចាបើកព្រំដែនឡើងវិញ។
យ៉ាងណាក៏ដោយ សម្ដេចតេជោបានលើកឡើងថា កម្ពុជានៅតែចង់ធ្វើទំនាក់ទំនងល្អ ជា មិត្តភាពនិងជាអ្នកជិត ខាងល្អជាមួយថៃ។ ខាងកម្ពុជាត្រូវការតែ ធ្វើអោយច្រកព្រំដែន ដំណើរការដូចមុន តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបិទច្រកព្រំដែនខុសធម្មតា ឬ ការបង្រួមពេលវេលា បើកច្រកព្រំដែន បានធ្វើឡើងដោយឯកតោភាគីថៃ ដូចនេះមានតែភាគីថៃទេ ដែលត្រូវដោះស្រាយដោយខ្លួនឯង។
សម្តេតេជោបានជូនជាយោបល់ថា ដើម្បីបញ្ចប់បញ្ហាបើក ច្រកព្រំដែននេះ ថៃ មិនចាំបាច់មកសុំកម្ពុជា ចរចានោះឡើយ គឺថ្នាក់ដឹកនាំថៃ និយាយប្រាប់ទៅកាន់ ពលរដ្ឋរបស់ខ្លួនផ្ទាល់ថា «ច្រកព្រំដែនដែល ត្រូវបានកែសម្រួលពីមុន ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច ត្រូវកែសម្រួលត្រឡប់ មកវិញពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ហើយការកែសម្រួល នេះមិនត្រូវបានកែ សម្រួលសារជាថ្មីទេ»។
ការចង់អោយថ្នាក់ដឹកនាំ ថៃបញ្ចប់រឿងបិទបើក ច្រកព្រំដែននេះ បានធ្វើឡើងបន្ទាប់ពី ភាគីថៃបានស្នើសុំចរចាចំនួន៣លើកហើយ។
កាលពីថ្ងៃ ១៤មិថុនា២០២៥ ភាគីថៃបានដាក់របៀបវីរៈ ចរចាបើកទ្វារច្រកព្រំដែននេះ នៅក្នុងកិច្ចប្រជុំ គណៈកម្មការបច្ចេក ទេសចម្រុះ(JTC) ប៉ុន្តែត្រូវបានភាគីខ្មែរបដិសេធ។
កាលពីថ្ងៃទី១៥មិថុនា២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ បានទូរសព្ទមកសម្តេចតេជោហ៊ុនសែន និងសម្តេចបវរធិបតីហ៊ុនម៉ាណែត ដើម្បីសុំចរចាបើកព្រំដែនឡើងវិញ។ ប៉ុន្តែត្រូវបានភាគីកម្ពុជាបដិសេធមិនមានការចរចានោះទេ ពីព្រោះពេលបិទព្រំដែន ភាគីថៃបានធ្វើឡើង ដោយឯកតោភាគី មិនបានពិភាក្សា ជាមួយកម្ពុជានោះទេ។
ហើយកាលពីថ្ងៃ២៩មិថុនា២០២៥ ភាគីថៃនៅខេត្តស្រះកែវ បានធ្វើលិខិតមកអាជ្ញាធរមាន សមត្ថកិច្ចរបស់កម្ពុជាដោយស្នើសុំ ឱ្យមានការបើក ច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្ត ដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ កូនសោបើកច្រកទ្វារព្រំដែនថៃ គឺស្ថិតនៅក្នុងកណ្តាប់ ដៃកងទ័ពស្រាប់ហើយ ខាងកម្ពុជាបានបញ្ជាក់ច្បាស់ហើយថា បើថៃបើកច្រកទ្វារព្រំដែនឡើងវិញ កម្ពុជានឹងប្រើពេលយ៉ាង យូរបំផុត៥ម៉ោងដើម្បីបើក ច្រកព្រំដែនតាមក្រោយភាគីថៃ។
ដូចដែរ ឯកឧត្តម ទា សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃទី៣កក្កដា២០២៥នៅលើបណ្តាញសង្គមហើយថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃ ការបិទច្រកព្រំដែនដោយឯកតោភាគី។
អាស្រ័យហេតុនេះគឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហា នេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជា មួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃ របស់កងទ័ពថៃតែមួយគត់៕