ទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក កំពុងបន្តរីកលូតលាស់ និងពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យនានា

(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហធិបតី ក្នុងការប្រារព្ធពិធីអបអរ សាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យ ជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ដែលបានរៀបចំឡើងដោយ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី លោកស្រីភារធារី បានជម្រាបជូនថា ទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក គឺជាពេលវេលាមួយសម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញថា តើសហរដ្ឋអាម៉េរិកបានចេញដំណើរមកពីទីណា ហើយកំពុងមានទិសដៅធ្វើដំណើរទៅកាន់ទីណា។

លោកស្រីបានបន្ថែមថា ទិវានេះគឺជាពេលមួយសម្រាប់ ជនជាតិអាម៉េរិកជួបជុំគ្នា ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងស្មារតីនៃការដឹងគុណ ចំពោះអ្វីដែលបុព្វបុរស បានកសាងឡើង ហើយរួមគ្នាខិតខំ ប្រឹងប្រែងជាបន្តទៀត  ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ដែលជាការបង្ហាញឱ្យ ឃើញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់អាម៉េរិកផ្ទាល់។ ជាមួយគ្នានេះ លោកស្រីក៏បានរំលេចអំពីខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហ ប្រតិបត្តិការដើម្បីកសាង អនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។

ជាកិច្ចបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោកស្រីភារធារី ដែលបានផ្តល់កិត្តិយស អញ្ជើញរូបឯកឧត្តម ចូលរួមជាអធិបតី ក្នុងពិធីដែលបង្កប់ អត្ថន័យយ៉ាងជ្រាលជ្រៅ មិនត្រឹមតែសម្រាប់ប្រជាជនអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិ គ្រប់រូបដែលប្រកាន់ខ្ជាប់ នូវឧត្តមគតិនៃសេរីភាព អធិបតេយ្យភាព និងការតស៊ូអត់ធ្មត់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការ ទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសជាតិយើងទាំងពីរ បានកសាងនូវភាព ជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អិតរមួត ដោយផ្អែក លើគោលការណ៍នៃ ការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។ ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាព បន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវទឹកចិត្តអរគុណដ៏ស្មោះស្ម័គ្រ ចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូ រអង្វែងរបស់សហរដ្ឋអាម៉េរិក។

ជាពិសេស ឯកឧត្តមបានសម្តែង នូវការកោតសើរជូនចំពោះ លោកស្រីភារធារី ព្រមទាំងសហការី ទាំងអស់នៅស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិ អាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយមិនគិតអំពីការ នឿយហត់លើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងាររបស់ពួកគាត់គឺពិតជាមាន សារៈសំខាន់ក្នុងការពង្រឹង ចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហរ របស់កម្ពុជាដែរថា កម្ពុជានៅតែជាដៃគូជាទី ទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើ នប្រកបដោយភាពរឹងម៉ាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *