(ខេត្តសៀមរាប)៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះ របស់គាត់ធ្វើជាកន្លែងបង្រៀន យុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌ និងសិល្បៈមួយនេះឱ្យមាន អ្នកបន្តវេនយូរអង្វែង តទៅទៀត។
លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញ ចារសាស្ត្រាស្លឹករឹតក្នុងពេល ដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុង ប្រឹងប្រែងបង្ហាត់បង្រៀន ចារសាស្ត្រាស្លឹករឹត ដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរស ខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញ ចារសាស្ត្រាស្លឹករឹតដល់យុវជន ខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹត បានបាត់បង់ទៅៗស្ទើរតែ ទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។
លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់ សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រា ស្លឹករឹតទាល់តែមាន ចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតី និងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និង ជំនាញចារសាស្ត្រាស្លឹករឹតនេះ នៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រា ស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់ បួសរៀននៅវត្តដូចគ្នា៕