(ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីបួននៃ យុទ្ធនាការឃោសនា រកសំឡេងឆ្នោត របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួន ឃោសនាបោះឆ្នោតទេ បើតាមរបាយការណ៍ របស់គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។
គណបក្សនយោបាយ ដែលធ្វើសកម្មភាពឃោសនា ជាធម្មតាសម្រាប់ថ្ងៃនេះ មានជាអាទិ៍៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនា នៅតាមភូមិភាគនានា លើកលែងតែ នៅភូមិភាគទី៣ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយ និង សារនយោបាយនៅតាម ទីស្នាក់ការគណបក្ស។
គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រនៅទីស្នាក់ការ គណបក្ស នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគីទី៣ ភូមិភាគទី៥ និងភូមិភាគទី៦ ។
ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំបានធ្វើសកម្មភាពឃោសនា បោះឆ្នោតទេនៅថ្ងៃនេះ។
ជាទូទៅ ដំណើរការឃោសនាបោះឆ្នោត របស់គណបក្ស នយោបាយនៅថ្ងៃទីបួននេះ គឺបាន ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាព ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០រសៀល ៕