(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹង ដល់ជនរួមជាតិ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាល បានទទួលដំណឹង យ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោម ពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមាន វត្តមាននៅ ប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះ រហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើង ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួម រំលែកទុក្ខដ៏ក្រៀម ក្រំបំផុត ជាមួយគ្រួសារ សពជនរងគ្រោះ។
សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្ត តាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមាន សមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនង ជាប់ជាប្រចាំ ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ របស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ ការការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុង មានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើង បានទាក់ទងជាមួយនិស្សិត ខ្មែរភាគច្រើនរួចហើយ ដើម្បីតាមដានពី សុវត្ថិភាពរបស់ពួកគេ។
រាជរដ្ឋាភិបាល កំពុងបន្តតាមដាន យ៉ាងយកចិត្តទុក ដាក់បំផុតចំពោះ សភាពការណ៍ក្នុង ប្រទេសអ៊ីស្រាអែល និងសហការជាប់ជា ប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាន ក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិ បាលអាចទទួលព័ត៌មាន បន្ថែមអំពីសុវត្ថិភាព របស់បងប្អូន និងជួយផ្ដល់ការ សម្របសម្រួលឱ្យ បានទាន់ពេលវេលា ក្នុងករណីចាំបាច់។
រាជរដ្ឋាភិបាល ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងស្នាក់ នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែលឱ្យ បានខ្ជាប់ខ្ជួនដើម្បី រក្សាសុវត្ថិភាពរបស់ខ្លួន។
អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងជម្រាបជូននូវព័ត៌មាន ជាបន្តបន្ទាប់ដល់បងប្អូន ជនរួមជាតិបានជ្រាប អំពីការវិវឌ្ឍន៍ នៃស្ថានការណ៍នេះ៕