ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។
និស្សិតជ័យលាភីដែល ត្រូវទទួលសញ្ញាបត្រនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។
ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។
ក្នុងចំណោមនិស្សិត ជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕