ឯកឧត្តម ស សុខា អញ្ជើញពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអ ធិបតីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program ដល់មន្ត្រីបច្ចេក ទេសនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រទេសទូទាំងពិភពលោក កំពុងប្រែខ្លួនទៅជា ប្រទេសដែលហៅថា រដ្ឋាភិបាល អេឡិចត្រូនិក(E-Government) ។ ក្នុងនោះប្រទេសកម្ពុជាយើងផ្ទាល់ ក៏ត្រូវបានប្រកាស ថាជាប្រទេស (E-Government) ​នេះដែរ ដោយសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា គ្រប់វិស័យបានប្រែ ខ្លួនទៅជាការងារដែល នឹង ពឹងផ្អែកភាគច្រើន ក្នុងបច្ចេកវិទ្យា ​Digital នេះ។ រីឯនៅក្នុងវិស័យកីឡាកម្ពុជា ក៏មានតម្រូវការនេះដែរ ដើម្បីដើរឱ្យទាន់ និងឆ្លើយតមទៅនឹង តម្រូវការបច្ចេកទេស របស់សហព័ន្ធ អន្តរជាតិនីមួយៗ និងក៏ដូចជាត្រៀមខ្លួន ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ​២០២៣ នេះដែរ ក៏ដូចជាការប្រកួត អន្តរជាតិនានា។

ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿត ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានថ្លែងបញ្ជាក់ដែរថា យើងទាំងអស់គ្នាជាកោសិកា នៃសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានទទួលការ បណ្តុះបណ្តាលនេះ នឹងទទួលបាននូវ ចំណេះដឹងថ្មី ពីលោកគ្រូឧទ្ទេសកម្រិតអន្តរជាតិ មកពីសហព័ន្ធ កីឡាបាល់ទះអាស៊ី គឺលោក Pavarit Dairiram​ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់មន្ត្រី បច្ចេកទេសគ្រប់ផ្នែក អាជ្ញាកណ្តាល ចៅក្រម និងលេខាតុប្រកួត ត្រូវបន្តខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវរៀនសូត្រ បន្ថែមពីបទបញ្ជាថ្មីៗ ពិសេសបច្ចេកវិទ្យា ថ្មីក្នុងវិស័យកីឡា ដើម្បីយកមកអនុវត្តក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមការ ប្រកួតកម្រិតជាតិ និងកម្រិតអន្តរ ជាតិនានា ដើម្បីជាទុន ក្នុងការទទួលយកនូវ ភាពជាម្ចាស់នៃការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមរបាយការណ៍ របស់លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺសហព័ន្ធ បានដាក់ចេញនៅទស្សនវិស័យយ៉ាងច្បាស់លាស់ ព្រមទាំងបានរៀបចំនៅផែនការ ធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជាផ្នែកហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងផែនការអភិវឌ្ឍន៍ចំណេះជំនាញមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ធ្វើសកម្មភាពទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសនានា ជាពិសេសសហព័ន្ធ កីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធកីឡាបាល់ទះពិភពលោក ក្រោមការចង្អុលបង្ហាញ តម្រង់ទិសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ និងជាប្រតិបត្តិករដ៏សំខាន់ ដើម្បីបង្កើតឲ្យមានការរៀបចំ ព្រឹត្តិការណ៍ប្រកួតមិត្តភាព លក្ខណៈអន្តរជាតិ ក្នុងគោលបំណង ផ្លាស់ប្ដូរបច្ចេកទេស និងទទួលបាន បទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍន៍ សហព័ន្ធកីឡាបាល់ទះកម្ពុជា ឲ្យកាន់តែមានភាព ល្អប្រសើរថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *