ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយនាំកូនចៅទៅចូលរៀនឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើនចំណេះដឹងក្នុងវិស័យអប់រំ!
ស្ទឹងត្រែងៈឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីដាក់សម្ភោធអោយប្រើប្រាស់នូវអាគារសិក្សា អាយ ហ្សិនទី១ នៃសាលាបឋមសិក្សាសំអាងមាន១ខ្នងនិង៦បន្ទប់ដែលជាជំនួយរបស់របស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨មករា២០២៣
ស្ថិតនៅក្នុងសាលាបឋមសិក្សាសំអាង ក្នុងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីលោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិរបស់អង្គការភែ្លនអន្តរជាតិកម្ពុជាប្រចាំនៅក្រុងស្ទឹងត្រែង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្ត អាជ្ញាធរស្រុក លោកគ្រូអ្នកគ្រូប្រជាពលរដ្ឋព្រមទាំងមន្ទីពាក់ព័ន្ធមួយចំនួនទៀត។
លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិរបស់អង្គការភែ្លនអន្តរជាតិកម្ពុជាប្រចាំនៅក្រុងស្ទឹងត្រែងបានអោយដឹងថានៅក្នុងខេត្តស្ទឹងត្រែងអង្គការភ្លែនអន្តរជាតិ បានចាប់ផ្តើមអនុវត្តគំរោងចាប់តាំងពីឆ្នាំ២០១៧រហូតមកដល់បច្ចប្បន្នមានរយៈពេល០៧ឆ្នាំហើយ យើងបានកំពុងធ្វើការនៅក្នុងភូមិចំនួន៩៧ ឃុំចំនួន២៣និងស្រុកចំនួន៥លើកលែងតែក្រុងស្ទឹងត្រែង។
លោកបញ្ជាក់ថាសមិទ្ធផលទាំងនេះជាការរួមចំណែកជួយបំពេញនូវតំរូវការ មន្ទីអប់រំ សហគមន៏ក៏ដូចជាប្អូនៗធ្វើយ៉ាងណាអោយទទួលបានការអប់រំល្អ ព្រោះអង្គការភ្លែនបានយល់ច្បាស់ថាវិស័យអប់រំគឺជាគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៏មូលដ្ឋាន អភិវឌ្ឍន៏ប្រទេសជាតិដែលមិនអាចខ្វះបាន។
ថ្លែងនៅក្នុងពិធីនោះឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថាក្នុងចំណោមវិស័យទាំងអស់គឺវិស័យអប់រំនេះជាកត្តាគន្លឹះសំខាន់មួយនៅក្នុងចំណោមវិស័យអាទិភាព ដែលខិតខំជំរុញលើកកំពស់វិស័យអប់រំអោយកាន់តែមានភាពរីកចម្រើន មានប្រសិទ្ធភាពបង្កើននូវចំណេះដឹង ធនធានមនុស្សអោយកាន់តែសម្បូរបែប ហើយធនធានមនុស្សជាកត្តាមួយដ៏សំខាន់ដែលនាំអោយការកសាងប្រទេស ការដឹកនាំប្រទេសមានការរីកចម្រើន។ឯកឧត្តមបញ្ចាក់ថាសាលាត្រូវតែមានគ្រប់កម្រិតនៅតាមមូលដ្ឋានដើម្បីងាយស្រួលដល់សិស្សានុសិស្សចូលសិក្សាក្រេបយកចំណេះដឹង ដើម្បីកាត់បន្ថយអត្រាភាពមិនចេះអក្សរដើម្បីឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលបានខេត្តក៏បានអំពាវនាវដល់អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ រួមទាំងមន្ទីអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំបន្តទៀតដើម្បីអភិវឌ្ឍន៏ប្រទេសយើងមានភាពរីកចម្រើនជ្រកក្រោមម្លប់នៃសន្តិភាព។
ខ្មែរមហានគរ