(ប្រទេសថៃ)៖ ហេតុការណ៍ដែលយោធាថៃ ផ្ទុះអាវុធវែងចំនួន ៣ គ្រាប់ គឺនៅពេលដែល មានក្រុមពលករប្រមាណជាង ៣០ នាក់ កំពុងលបលួចឆ្លង ដែនកាត់ព្រៃ ចេញពី ដីថៃ ចូលមកកម្ពុជាដោយ មានមេខ្យល់ថៃម្នាក់ជាអ្នកនាំផ្លូវ ទីបំផុតមនុស្សម្នាក់ ត្រូវបានរងរបួសជាទម្ងន់។
យោងតាមការផ្សាយរបស់គេហ ទំព័រស្រះកែវធីវី បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង ០០ និង ៣០ នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្បែរព្រំដែនកម្ពុជា ស្ថិតក្នុងភូមិសែនសុខ ឃុំខ្លងណាំសៃ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។
គេហទំព័របានបន្តថា នៅមុនពេលកើតហេតុគឺមានរថយន្ត ៣ ឬ ៤ គ្រឿង បានបើកមកឈប់សំចត រួចហើយក៏មានមនុស្សចុះ មកធ្វើដំណើរដោយខ្មែរ ថ្មើជើងប្រមាណជាង៣០នាក់ ។ នៅពេលនោះក៏មានយុវជនម្នាក់ ដែលគេដឹងថាជាអ្នក រស់នៅក្នុងតំបន់នេះ ហើយក៏ជាមេខ្យល់នាំផ្លូវ ឲ្យក្រុមមនុស្សទាំងនោះ បានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា។
ក្រោយពីពិនិត្យឃើញ បែបនេះក្រុមយោធាថៃ បានឱ្យសញ្ញាឈប់ដើម្បី ត្រួតពិនិត្យដែលនៅពេលនោះ ដែរយុវជនម្នាក់ដែល ជាមេខ្យល់បានលោតចូល មកតតាំងជាមួយយោធាទើប ក្រុមយោធាព្រំដែនបាន ផ្ទុះអាវុធឡើង ដោយ ត្រូវយុវជននោះចំនួន៣ គ្រាប់ក្បែរឆ្អឹងជំនីខាងឆ្វេង និងត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះផងដែរ។
យុវជននោះមានឈ្មោះ ក្រៃ ចន្ថា អាយុ ៣៧ ឆ្នាំ រស់នៅក្នុងឃុំថាខាម ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ជាមេខ្យល់ដឹកនាំពលករថៃ ឲ្យចូលមកធ្វើការនៅ ក្នុងប្រទេសកម្ពុជា ពិសេសគឺមកបម្រើការតាម បណ្ដាកាស៊ីណូក្បែរបន្ទាត់ព្រំដែន ដោយសារតែ បច្ចុប្បន្ន ថ្លៃកម្លាំងពលកម្មគឺទ្វេដង។
ក្រោយពេលផ្ទុះអាវុធ ក្រុមពលករថៃទាំងអស់ បានបែកខ្ញែកគ្នារត់គេចរៀងខ្លួន ប៉ុន្តែត្រូវបានក្រុមយោធា ឃាត់ខ្លួនបានជិត២០នាក់ រីឯមនុស្សជាង១០នាក់ទៀត បានរត់ចូលព្រៃបាត់អស់ ។ រាល់បញ្ហាខាងលើអាជ្ញាធរថៃកំពុងមានការងឿងឆ្ងល់ ថាអាជ្ញាធរថៃបាន ចេញសេចក្តីប្រកាស តាំងតែពីថ្ងៃទី ១៧ ខែមីនា កន្លងមកដោយមិនអនុញ្ញាតឲ្យពលរដ្ឋថៃ ឆ្លងដែនចូលមកធ្វើការ នៅប្រទេសកម្ពុជាឡើយ ប៉ុន្តែហេតុអ្វីបាន ជាពលរដ្ឋថៃនៅមានការ លួចឆ្លងដែននៅ ពេលយប់អាធ្រាតដើម្បី ចូលមករកការងារធ្វើនៅក្នុង ប្រទេសកម្ពុជាបែបនេះទៅវិញ? ។