ស្ទឹងត្រែងៈមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗកន្លងមកនេះបានណែនាំ ដល់ម្ចាស់ រមណីយដ្ឋាន ដែលប្រកបអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ សូមរក្សាតម្លៃលក់ចំណីអាហារ មិនតម្លើងថ្លៃ និងរៀបចំសេវាកម្មផ្សេងៗ ឱ្យបានល្អប្រសើរ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវមកលេងខេត្តស្ទឹងត្រែង ឱ្យបានច្រើន ព្រោះថ្ងៃបុណ្យសាកលជិតឈានចូលមកដល់ហើយ ។
លោកអ៊ន.ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ផ្នែកឯកជនជាដៃគូមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដូចនេះសូមម្ចាស់រមណីយដ្ឋាននិមួយៗត្រូវរៀបចំសេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព ឱ្យទទួលបានការគាំទ្រពីគ្រប់អតិថិជនរបស់ខ្លួន។
លោកបន្តថា កិច្ចការងារនេះក្នុងនាមស្ថាប័នជំនាញ ស្នើឱ្យម្ចាស់រមណីយដ្ឋានទាំងអស់ ត្រូវគោរពតាមការសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ធ្វើយ៉ាងណាធានាជូនភ្ញៀវមកកំសាន្ត ហើយផ្នែកសេវាកម្មចំណីអាហារ ត្រូវរក្សាតម្លៃ និងគុណភាពផងដែរអ្វីដែលជាសំខាន់គឺ សូមសំណូមពររក្សានៅតម្លៃ ឲ្យបានដូចជាតម្លៃលក់ ថ្ងៃធម្មតាបានកាន់តែពិសេសបន្ថែមទៀត ។
លោក ស៊ឹម ចាន់ មន្ត្រីប្រតិបត្តិនៅរមណីយដ្ឋានទេសចរណ៍និស្ស័យស្នេហ៍សេសាន បានទទួលស្គាល់ថាពេលរៀបចំរមណីយដ្ឋានបានល្អទៅតាមស្តង់ដាបានធ្វើឱ្យ ភ្ញៀវទេសចរពេញចិត្ត និងមកទស្សនាបានច្រើន ហើយប្រជាពលនៅមូលដ្ឋាននេះក៍រកប្រាក់ចំណូលបាន ដោយប្រយោលពីវិស័យទេសចរណ៍ផងដែរ កត្តានេះហើយធ្វើឱ្យកាន់តែប្រឹងប្រែង អនុវត្តតាមការណែនាំ ផ្នែកចំណីអាហារវិញអាហារដ្ឋានយើងខ្ញុំអត់មានបានដំឡើងថ្លៃអ្វីទេ សម្រាប់ថ្ងៃបុណ្យគឺលក់ទៅតាមតម្លៃ ទីផ្សារម្ហូបអាហារមានរស់ជាតិឆ្ងាញ់ អាចទទួលយកបានហើយមានអនាម័យត្រឹមត្រូវ ។
សូមបញ្ជាក់ថា មន្ទីរទេសចរណ៍បានកំណត់យក រមណីយដ្ឋានទេសចរណ៍ ចំនួន៥ ដែលភ្ញៀវទេសចរ មកលេងបានគ្រប់រដូវកាលនិងឱ្យចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ជាអចិន្ត្រៃ រួមមាន ៖ រមណីយដ្ឋាននិស្ស័យស្នេហ៍សេសាន -មរតមសេកុង -រមណីយដ្ឋានព្រះរំកិល- អូឬស្សីកណ្តាល -រីស្សតបក្សីមេគង្គ-ជាដើម៕SamNeang