ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ! 

(ភ្នំពេញ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែន ការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដាស់តឿនដល់មន្ត្រី ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះថាចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

ក្នុងឱកាសដែលអញ្ជើញ ជាសហអធិបតីជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃ ក៏បានរំលេចនូវកិច្ចការសំខាន់ៗ មួយចំនួនទៀត ដែលឯកឧត្តមផ្ទាល់ និងឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ត្រូវការការចូលរួមពង្រឹងការអនុវត្តពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាព នៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ដូច្នេះឯកឧត្តម បានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការ ស្រាវជ្រាវដោយផ្តោតទាំង មុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែល ពាក់ព័ន្ធជាខ្នងបង្អែក។

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោល ការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើ បញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។

មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែល ប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការ បណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីដែលពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *