ខេត្តកំពត: មន្ត្រីលេខាធិការដ្ឋានជំរុញចលនាភូមិ១ ផលិតផល១ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការងារនេះ និងថាគិតមកដល់បច្ចុប្បន្ន ខេត្តបានធ្វើការចុះបញ្ជីផលិតផល និងសេវាកម្មសរុប ចំនួន៥៧មុខ ជាសមាជិកនៃចលនាភូមិ១ ផលិតផល១។
សមាជិកលេខាធិការដ្ឋានជំរុញភូមិ១ ផលិតផល១ នៃគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ របស់ខេត្តកំពត លោក ស្មាន់ វណ្ណនីមល បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានណែនាំចង្អុលបង្ហាញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យសហការគ្នាជាមួយលេខាធិការដ្ឋាន ដោយសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់។ បច្ចុប្បន្ន ខេត្តបានធ្វើការចុះបញ្ជីផលិតផល និងសេវាកម្មសរុប ចំនួន៥៧មុខ ជាសមាជិក ចលនាភូមិ១ ផលិតផល១ ។
លោកបានបន្តថា ការងារជំរុញចលនាភូមិ១ ផលិតផល១ ពិតជាអាចជួយដល់ប្រជាពលរដ្ឋទាំងផ្នែក បច្ចេកទេសផលិត ឬដាំដុះ ការកែច្នៃវេចខ្ចប់ និងទីផ្សារជាដើម ដើម្បីលើកកម្ពស់ដល់កម្រិតជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែប្រសើរ។
ប្រធានសហគមន៍ដំណាំទុរេនទឹកឈូ លោក អួន ឈាងម៉េង ឲ្យដឹងដែរថា សហគមន៍លោកទើបបង្កើតនៅឆ្នាំ២០២៤ មានសមាជិក៣៦គ្រួសារ ផ្ទៃដី១៥៣ហិកតា ក្នុងមួយឆ្នាំអាចប្រមូលផលទុរេនបាន១២០០តោន។ សហគមន៍បានដាក់ពាក្យស្នើសុំចុះបញ្ជីជាសមាជិក ភូមិ១ ផលិតផល១រួចហើយ ព្រោះយល់ថាការចុះបញ្ជីភូមិ១ ផលិតផល១សំខាន់សម្រាប់សហគមន៍លោក។
បើតាមមន្ត្រីជំនាញថា ភូមិ១ផលិតផល១ គឺបានឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋាន ដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ពង្រឹងពង្រីកបានបរិមាណ គុណភាព និងសោភ័ណភាព ដើម្បីបង្កើនតម្លៃ តាមរយៈការជួយជំរុញទីផ្សារនៅក្នុងស្រុក និងឈានទៅដល់ការនាំចេញ៕ ដោយៈសេង ណារិទ្ធ