ខេត្តព្រះវិហារ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានករណីជនជាតិបរទេស២នាក់ ភ្ជង់ប្លន់យករថយន្ដឈ្នួល នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ធ្នូ២០២២នេះកម្លាំងនគរបាលខេត្តព្រះវិហារបើកការអង្គេតស្រាវជ្រាវភ្លាមៗបានរកឃើញថាជារឿងប្រឌិត ដែលបង្កើតឡើងដោយម្ចាស់រថយន្ដផ្ទាល់តែម្ដង ខណៈដែលរថយន្ដនោះខ្លួនយកទៅលក់ដើម្បីសងបំណុលបងប្រុស និងមិនចង់ឲ្យក្រុមគ្រួសាររករឿង។
លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បាន ឲ្យដឹងថា បុគ្គលឈ្មោះ អឿន សង់ ដែលអះអាងដំបូងថា ជាជនរងគ្រោះក្នុងហេតុការណ៍ប្លន់ដែលបង្កឡើងដោយជនជាតិបរទេស២នាក់ ជាអ្នកជួលរថយន្ដរបស់ខ្លួនធ្វើដំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ហើយត្រូវភ្ជង់ប្លន់នៅស្រុកឆែប ខេត្តព្រះវិហារនោះ បានធ្វើការសុំទោសនៅចំពោះមុខសមត្ថកិច្ច ដែលខ្លួនប្រឌិតព័ត៌មានឡើងបង្កឲ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំពីសំណាក់សាធារណៈជន។
លោកថាលោក អឿន សង់ បានបញ្ជាក់នៅចំពោះមុខសមត្ថកិច្ចថា រថយន្ដដែលខ្លួនប្រឌិតថា ត្រូវចោរប្លន់យកទៅបាត់នោះ គឺខ្លួនបានលក់នៅខេត្តសៀមរាប កាលពីព្រឹកមិញ ដើម្បីយកលុយទៅសងបំណុលបងថ្លៃដែលខ្លួនបានជំពាក់។ បន្ទាប់ពីលក់រួចខ្លួនបានឡើងជិះរថយន្ដឈ្នួល ពីខេត្តសៀមរាប ក្នុងគោលបំណងទៅខេត្តស្ទឹងត្រែង លុះដល់ចំណុចព្រៃទទឹង ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ខ្លួនបានចុះពីរថយន្ដឈ្នួល ហើយក៏ប្រឌិតថា ចោរជនជាតិបរទេស២នាក់ប្លន់រថយន្ដតែម្ដង។
លោកអធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានបញ្ជាក់ ឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ និងស្ដាប់ការសារភាពកំហុសរួចហើយនោះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងហៅក្រុមគ្រួសារដើម្បីមកធានាទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
គួរំលឹកថា បុគ្គលឈ្មោះ អឿន សង់ បានប្រឌិតព័ត៌មានថា បុរសជាជនជាតិចិនម្នាក់ និងនារីជាជនជាតិថៃម្នាក់ បានជួលរថយន្ដខ្លួនពីខេត្តសៀមរាប ទៅខេត្តស្ទឹងត្រែង ក្នុងតម្លៃ២០០ដុល្លារ។ បន្ទាប់ពីព្រមព្រៀងគ្នាហើយ ក៏ធ្វើដំណើរមកដល់ចំណុចព្រៃទទឹង ក្នុងភូមិសាស្ត្រភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ខ្លួនបានឈប់រថយន្តដើម្បីចាក់ទឹក បន្ទាប់ពីចាក់ទឹករថយន្តរួចបម្រុងឡើងបើករថយន្តបន្តដំណើរទៅមុខទៀត ស្រាប់តែបុរសជនជាតិចិន បានដកកាំភ្លើងភ្ជង់ចង្កេះ និងបញ្ជានៅឲ្យឆ្ងាយពីរថយន្ត ហើយពួកគេបើករថយន្តត្រឡប់ក្រោយវិញដោយសុវត្ថិភាព។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបើកការស្រាវជ្រាវបន្ទាន់ ចុងក្រោយទើបដឹងថា ជនរងគ្រោះប្រឌិតព័ត៌មាន៕ឡុង កាន់សំនៀង