សមត្ថកិច្ចបង្ក្រាប ករណីចាប់នារីៗ ញាត់ចូលក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ នោះបានហើយ និងសង្គ្រោះបានជនរងគ្រោះម្នាក់

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គា ល់អត្តសញ្ញាណចំនួន០១ក្រុម ជាជនជាតិចិន។

ក្រោយពីមានហេតុការណ៍ ខាងលើកើតឡើង ដោយអនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយ សង្គ្រោះជនរងគ្រោះ បានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។

កម្លាំងជំនាញបានចាប់ខ្លួន ក្រុមជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១៖ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២៖ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិននៅត្រងចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ ករណីរួចមកហើយ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដា ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូស វ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់ សមត្ថកិច្ចជាបន្ទាន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *