ស្វែងយល់អំពីមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន…….

(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាអង្គភាពចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិនៃក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងរចនាសម្ព័ន្ធ របស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានតួនាទីជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។

យោងតាមអនុក្រឹត្យលេខ ១០៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានភារកិច្ចជាច្រើនទៀតរួមមាន កសាង និងដាក់ចេញផែនការសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការនាំចូល នាំចេញ សំចត ចែកចាយ ដឹកជញ្ជូន រក្សាទុក ប្រើប្រាស់គ្រឿងញៀនដោយបំពាន សារធាតុគីមី ផ្សំខុសច្បាប់ ព្រមទាំងប្រឆាំងការសំអាតប្រាក់ដែលបានផលពីជំនួញគ្រឿងញៀនខុសច្បាប់។

មន្ទីរនេះ ក៏ត្រូវប្រមែប្រមូលព័ត៌មាន វិភាគបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីផ្តើមស្នើវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ប្រមូលផ្តុំព័ត៌មាន សម្របសម្រួលការ ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុស ច្បាប់នៅក្នុងផ្ទៃប្រទេស និងអន្តរជាតិ សហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិដើម្បីផ្លាស់ប្តូរព័ត៌មាន និងចាត់តាំងស្រាវជ្រាវស៊ើបអង្កេត ប្រឆាំងការសំអាតប្រាក់ដែលបានផលពីបទល្មើសគ្រឿងញៀន។

ក្រៅពីនេះ គឺភារកិច្ចសិក្សាឯកទេសជំនាញ ឯកសារនានា ស្តីពីគ្រឿងញៀន និងឧបករណ៍ សម្ភារសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងសារធាតុផ្សំគ្រប់ប្រភេទ បម្រើឱ្យកិច្ចប្រតិបត្តិការ ណែនាំ ផ្សព្វផ្សាយដល់សាធារណជន អំពីឥទ្ធិពលគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពី គ្រឿងញៀន និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្របសម្រួលជាមួយព្រះរាជអាជ្ញា តុលាការ សំដៅធានាការអនុវត្ត នីតិវិធីកិច្ចប្រតិបត្តិការ និង ការអនុវត្តសាលក្រម សាលដីកា ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យរបស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តាមការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ប្រគល់ឱ្យ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការ កំណត់។ បច្ចុប្បន្នមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជាប្រធាន។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *