(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប បានក្មេងទំនើង២០នាក់ បង្ករអសន្តិសុខក្នុងក្រុងប៉ោយប៉ែត និងត្រូវបានបញ្ជូនទៅ កាន់តុលាការហើយកាល ពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៥។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណា ធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមជូនប្រជាពលរដ្ឋ។
លោកអធិការបានប្រាប់អោយដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការកម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេង ទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕