(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តតាកែវ ចូលរួមសហការជាមួយក្រសួងផែនរៀប ចំប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) និងសន្ទស្សន៏ថ្លៃទំនិញប្រើប្រាស់ (CPI) ខេត្តតាកែវ ឆ្នាំ២០២១ ក្រោមអធិបតី ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ដោយមានការ អញ្ជើញជាអធិបតីពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំង មានការចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូលរួមយ៉ាងច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានឱ្យដឹងថា ខេត្តតាកែវ គឺជាខេត្តមួយដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដោយឡែកសម្រាប់លទ្ធផលផលិតផលក្នុងស្រុកសរុប(GDP)ដែលបានគណនាក្នុងឆ្នាំ២០២១ បង្ហាញថាខេត្តតាកែវ មានចំនួនប្រជាជនសរុប១.០៤៥.៨១១នាក់ ទំហំសេដ្ឋកិច្ចស្មើរនិង៦.៣% នៃផលិតផលក្នុងស្រុកសរុប ដែលមានកំណើនប្រមាណ៤.៣% និងចំណូលសម្រាប់ម្នាក់ៗមាន១.៥២៥ ដុល្លារអាមេរិកនៅឆ្នាំ២០២១ នេះបើធៀបនិងចំណូលថ្នាក់ជាតិតិចជាង១.៦៥៨ ដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា សេដ្ឋកិច្ចបីសំខាន់ៗរបស់ខេត្ត មានកសិកម្ម ៥៥.៨% ឧស្សាហកម្មមាន ២៦.៩% និងសេវាកម្មមាន១៧.៤% នេះបង្ហាញថា ខេត្តតាកែវ មានសក្ដានុពលខាងផលិតផលកសិកម្ម ដែលអាចជម្រុញវិស័យឧស្សាហកម្មធុនស្រាល និងកែច្នៃកសិឧស្សាហកម្មបាន។
ឯកឧត្តម រិន វីរៈ បានបញ្ជាក់ទៀតថា អតិផរណាក្នុងឆ្នាំ២០២១ បានកើនឡើងប្រមាណ៤.៣% ហើយការកើនឡើងនេះដោយសារម្ហូបអាហារ ០.៩% សម្លៀកបំពាក់៣.៣% ផ្ទះសំបែងនិងការថែទាំ០.៩% ផ្នែកសុខាភិបាល ១.៤% ផ្នែកដឹកជញ្ជូន៧.២% និងផ្នែកផ្សេងៗទៀតកើនឡើងក្នុងរង្វង់១%។
ជាមួយគ្នានោះដែរ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការសំណូមពរដល់អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាទាំងអស់ ឱ្យបន្តសហការផ្ដល់ទិន្នន័យនានាសម្រាប់ជាធាតុចូលក្នុងការចងក្រងផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់ឆ្នាំ២០២២ និងឆ្នាំខាងមុខបន្តទៀត ក្នុងន័យសំដៅលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព គុណភាព និងបរិយាបន្ន៕