(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ឌួង ហួត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេខ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ ផេង ហៅប៊យ ភេទប្រុស អាយុ១៩ឆ្នាំ។
ក្រោយពីទទួលបានពាក្យ បណ្តឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ ហត្ថក្រុង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវរហូតឈាឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រួមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវីធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូម៉ូតូរបស់ ជនរងគ្រោះជិះ ហើយយកទៅលក់ឱ្យអ្នកទិញ មិនមានទីតាំងច្បាស់លាស់ បានប្រាក់ចំនួន៣៥០ដុល្លារ ហើយស៊ីចាយអស់។
ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕