(ខេត្តបន្ទាយមានជ័យ)៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាគីឡូម៉ែត្រ៤ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ចែម សំបូរ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានរាយការណ៍ថា៖ អគារមជ្ឈមណ្ឌលពេញមួយជីវិត១ខ្នងនេះ មានទំហំ៦គុណ១២ម៉ែត្រ ដែលចំណាយទឹកប្រាក់ប្រមាណ៧ម៉ឺនដុល្លារអាមេរិក ដែលបន្ទប់នីមួយបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាជំនួយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្មួយៗយុវជនឲ្យចូលសិក្សាជំនាញ វិជ្ជាជីវៈបច្ចេកទេស ដែលខ្លួនពេញចិត្ត នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌល ដើម្បីពង្រឹងនូវសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ទៅថ្ងៃអនាគត ក្នុងនោះចំពោះសិស្សក្រីក្រ សម្តេចធិបតីក៏បានជួយឧបត្ថម្ភ ជាថវិកាប្រចាំខែដើម្បីជួយ សម្រួលក្នុងការចំណាយប្រចាំផងដែរ។
លោក អភិបាលក្រុង បញ្ជាក់ថា៖ អគារមជ្ឈមណ្ឌលសិក្សាពេញ មួយជីវិតមួយខ្នងនេះ គឺជាសមទ្ធិផលថ្មីមួយទៀត សម្រាប់ក្រុងប៉ោយប៉ែត ដើម្បីបំរើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសដល់ក្មួយៗជាយុវជន ដែលប្រឡងធ្លាក់មធ្យម សិក្សាទុតិយភូមិ និងក្មួយៗដែលពុំទាន់មាន ការងារធ្វើអាចចូលមកសិក្សា នៅទីនេះបានដោយមិនបាច់បង់ប្រាក់។
ជាមួយគ្នានេះដែរ លោក អភិបាលក្រុងប៉ោយប៉ែត សូមផ្តាំផ្ញើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សជួយថែរក្សាសំអាតអនាម័យ និងថែរក្សាអគារមួយខ្នងនេះ ឲ្យបានគង់វង្សយូរអង្វែងផង និងសំណូមពរដល់ម្ចាស់ជំនួយ ជួយបំពាក់គ្រឿងបរិក្ខាបច្ចេក ទេសទំនើបឲ្យបានគ្រប់គ្រាន់ សំរាប់ជាទុនក្នុងការសិក្សាស្រាវជ្រាវ៕