(ប៉ោយប៉ែត)៖ នៅព្រឹកថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំប្រជុំជាមួយក្រុម ហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូន ទំនិញក្រុងប៉ោយប៉ែត នៅសាលប្រជុំសាលា ក្រុងប៉ោយប៉ែត ដោយមាន ការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរងនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនចាក់បេតុង តំណាងក្រុមហ៊ុនដឹកជញ្ជូន ចៅសង្កាត់ មេភូមិ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ នានា។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យក្រុមហ៊ុន ទាំងអស់យកចិត្តទុកដាក់លើកត្តាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងប៉ោយប៉ែតយើងទាំងមូល ហើយគ្រប់ក្រុមហ៊ុនចាក់បេតុង ត្រូវជូនដំណឹងដល់អាជ្ញាធរ មូលដ្ឋាននៅរាល់ មុនពេលក្រុមហ៊ុនទៅចាក់ បេតុងនៅទីតាំងណាមួយ ដើម្បីអាជ្ញាធរមូលដ្ឋានបាន សហការសម្រួលបញ្ចៀសការ កកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ហានិភ័យ នានាដែលអាចកើតឡើងជាយថាហេតុ និងដើម្បីងាយស្រួលបញ្ជា ទិសចរាចរណ៍សម្រាប់ អ្នកធ្វើដំណើរ។
ហើយសូមក្រុមហ៊ុនពិនិត្យ ពង្រឹងក្រមសីលធម៌អ្នកបើកបរ និងហាមផ្តាច់មិនឱ្យអ្នកបើកបរណា មួយជាប់ពាក់ព័ន្ធនឹងការ ប្រើប្រាស់សារធាតុញៀននោះឡើយ។
ដោយមើលឃើញសកម្មភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារយក ចិត្តទុកដាក់ខ្ពស់ចំពោះ ការកែលំអសោភ័ណ ភាពក្រុងប៉ោយប៉ែត យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក ហើយកំពុងបន្តដឹកនាំធ្វើ យ៉ាងផុលផុស ធ្វើឱ្យក្រុមហ៊ុនបេតុង ZO A រីករាយចូលរួម ជួយឧបត្ថម្ភបេតុង១០ម៉ែត្រ គូបក្នុងមួយខែជូនក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត សម្រាប់ចាត់ចែងប្រើប្រាស់ ជួសជុលកំណាត់ផ្លូវនានា ក្នុងក្រុងប៉ោយប៉ែត តាមតម្រូវការចាំបាច់ ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរីករាយទទួលយក និងបានផ្តល់ឱកាសឱ្យបណ្តាក្រុមហ៊ុន ចាក់បេតុងដទៃទៀត ក៏ដូចជាបណ្តាក្រុមហ៊ុននានា និងសប្បុរសជនទាំងឡាយ ដែលកំពុងមានវត្តមានធ្វើ អាជីវកម្មក្នុងក្រុងប៉ោយប៉ែត អាចចូលរួមចំណែក ភ្ជាប់និស្ស័យឧបត្ថម្ភជាបេតុង សម្រាប់អភិវឌ្ឍកែលំអគ្រប់ផ្លូវ ក្នុងក្រុងប៉ោយប៉ែត ទាំងអស់ឱ្យប្រែក្លាយទៅជា ផ្លូវបេតុងប្រកបដោយគុណភាព និងសោភ័ណភាពជាមួយគ្នា ដើម្បីភាពសុខុដុមនីយកម្ម ក្រុងប៉ោយប៉ែតរបស់យើងទាំងអស់គ្នា៕