(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយ បញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី សំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារ ចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ គ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសើរចំពោះបញ្ជាការ ឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗ ដូចជាការផ្តល់សេវាតម្រូវការ និងសាធារណៈនានា ជាពិសេសអរគុណដល់ កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក បានបង្ក្រាបបទល្មើសនានាបានភ្លាមៗ យ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសើរ ចំពោះគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ឯកឧត្តមប្រធានក្រុម ការងារបានស្នើរឱ្យ ក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ត្រូវបន្តទទួល ខុសត្រូវលើការងារការពារសន្តិសុខសង្គម និងការដោះស្រាយគ្រប់បញ្ហា ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ រួមទាំងការកែលំអសោភ័ណភាព ដើម្បីធ្វើឱ្យក្រុងប៉ោយប៉ែតយើង មានភាពស្រស់បំព្រង និងភាពសុខុដុមរមនាសម្រាប់ ប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែតយើងទាំងមូល ៕