(បន្ទាយមានជ័យ): នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះស្រាវជ្រាវបង្ក្រាបករណីហិង្សា ដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះភួង ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបក្ខពួកចំនួន០២នាក់ទៀតបានគេចខ្លួន។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកថ្មពួកបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹង ពីឈ្មោះ រួម ទាប ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-3559 ចំនួន០១គ្រឿង, ២.កាំបិតផ្អាក ដងឈើ ប្រវែង ៦១សង់ទីម៉ែត្រចំនួន០១ដើម, ៣.ដាវដងដែករុំកៅស៊ូ ប្រវែង៤៧សង់ទីម៉ែត្រ ចំនួន០១ដើម, ៤.ដាវដងដែករុំខ្សែ ប្រវែង៥៥សង់ទីម៉ែត្រចំនួន០១ដើម, ៥.ទូរសព្ទដៃម៉ាក IPHONE X ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ទៀតថា សង្ស័យឈ្មោះ រិន សៃយន្ត តែងតែឆាតផ្តល់ព័ត៌មានឱ្យជនសង្ស័យឈ្មោះ ភួង ជីវ័ន្ត និងបក្ខពួកដែលបានគេចខ្លួនមិនឱ្យមកចូលបន្ទប់ជួលរបស់ខ្លួនទៀតទេ ក្រោយពីក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថ្មពួកកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យដែលបានគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕