អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្រាយមន្ទិលរឿង ប្រើភ្លើងរថយន្ត!

(ភ្នំពរញ)៖ ដើម្បីស្រាយចម្ងល់ និងមន្ទិលសង្ស័យមួយចំនួន របស់សាធារណជន ជុំវិញការប្រើប្រាស់ភ្លើង រថយន្ត អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានពន្យល់តាមរយៈ វីដេអូប្រមាណជាង១០នាទី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ វីដេអូនេះមានអ្នកទស្សនារាប់សែនដង និងមានអ្នកចូលបញ្ចេញ មតិចម្រុះយ៉ាងផុសផុល។

ខ្លឹមសារនៃការពន្យល់ ត្រូវបានលោកបណ្ឌិត ទូច សុឃៈ យោងចេញពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយបានគូសបញ្ជាក់ថា ការប្រើប្រាស់ភ្លើងរថយន្ត មានច្រើនប្រភេទ និងមានតួនាទីផ្សេងៗគ្នា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកនូវការប្រើភ្លើង រថយន្តចំនួនពីរមកពន្យល់ ទី១ គឺប្រើប្រាស់ភ្លើងហ្វា ទី២ គឺប្រើប្រាស់ភ្លើងកូដ។

ការប្រើប្រាស់ភ្លើងហ្វា នៅក្នុងមាត្រា២៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការប្រើភ្លើងហ្វានៅ ពេលយប់នៅលើ ទ្រូងផ្លូវដែលគ្មានភ្លើង ឬអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើង ហ្វាដើម្បីមើលទៅខាង មុខឱ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្ន កុំឱ្យរំខានដល់ចរាចរណ៍ ដែលមកពីទិសផ្ទុយ ហើយហាមបើកភ្លើង ហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមាន ភ្លើងអគ្គសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណី ធ្វើសញ្ញាសុំផ្លូវ ឬវ៉ាជែង ឬសុំបើកផ្លូវដោយ ប្រើភ្លើងឆ្លាស់គ្នាជាមួយភ្លើងកូដ។ មានន័យថាធ្វើជា សញ្ញាប្រាប់ដល់ ទិសចរាចរណ៍ម្ខាងទៀត ឱ្យមានការប្រុងប្រយ័ត្ន  នោះមិនមាន កំហុសឆ្គងឡើយ។

ចំពោះការប្រើភ្លើងកូដវិញ អ្នកនាំពាក្យរងបានឱ្យដឹងដែរថា ការប្រើភ្លើងកូដ គឺប្រើនៅពេលយប់ មិនថានៅក្នុងទីប្រជុំជន ឬក្រៅទីប្រជុំជននោះទេ ទោះបីជាមានភ្លើងអគ្គិសនីបំភ្លឺនៅ តាមដងផ្លូវក៏ដោយ គឺភ្លើងកូដត្រូវប្រើជា ធម្មតា និងនៅពេលយប់ទាំងក្នុង និងក្រៅទីប្រជុំជន ដែលគ្មានភ្លើងអគ្គិសនីបំ ភ្លឺតាមដងផ្លូវ ក៏ត្រូវប្រើប្រាស់ភ្លើង កូដធម្មតាដែរ។

ចំណែកការប្រើប្រាស់ ភ្លើងកូដនៅពេលថ្ងៃ គឺអាចប្រើប្រាស់បាន ប៉ុន្តែត្រូវអនុវត្តទៅតាមលក្ខខណ្ឌ មួយចំនួនដូចជា ក្នុងករណីពេលដែល អ្នកបើកបរមើលមិនសូវ ឃើញច្បាស់គ្រប់គ្រាន់ ពេលមេឃកំពុងភ្លៀង ពេលចុះអព្ទ ឬឆ្លងកាត់ផ្លូវរូង ដែលមិនមានពន្លឺ។ ក្នុងនោះភ្លើងកូដ អាចប្រើប្រាស់ ឆ្លាស់គ្នាជាមួយនឹងភ្លើងហ្វាបាន ដោយធ្វើឱ្យមានពន្លឺភ្លឹបភ្លែតៗ ជាសញ្ញាជំនួស ស៊ីផ្លេនៅពេលយប់។

ដោយឡែកចំពោះ ការប្រើប្រាស់ភ្លើងទីតាំង លោកបណ្ឌិតក៏ បានបញ្ជាក់ដែរថា ការប្រើប្រាស់ភ្លើងនេះ គឺដើម្បីប្រាប់ពីវត្តមានយានយន្ត ឬទំហំយានយន្ត ដល់អ្នកប្រើប្រាស់ផ្លូវ ដែលមើលមកពីមុខ ដើម្បីជាសញ្ញាសម្គាល់មួយបង្ហាញថាជារថយន្តតូចធំ ជាម៉ូតូ ឬរឺម៉ក ឬមធ្យោបាយផ្សេងៗ ងាយស្រួលដល់អ្នកបើកបរធ្វើការសន្និដ្ឋាន។

ផ្សារភ្ជាប់ទៅនឹង ការប្រើប្រាស់ភ្លើង នៅពេលថ្ងៃ អ្នកនាំពាក្យរងបាន សង្កត់ធ្ងន់ថា បើតាមច្បាប់ដែល បានចែង យានយន្តដែល អាចប្រើប្រាស់ភ្លើងពេលថ្ងៃបាន គឺចំពោះរថយន្តដែល បំពាក់ភ្លើងតាំងពីដើមទីមក មានន័យថាជារថយន្តចេញពីឃ្លាំង ឬចេញពីរោងចក្រ ដែលមានភ្លើងនោះស្រាប់ ភ្លឺដោយស្វ័យប្រវត្តិ ឬភ្លើងអូតូម៉ាតិចនៅពេលបញ្ឆេះ គឺមិនខុសច្បាប់នោះទេ ហើយក៏គ្មានការផាកពិន័យនោះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *