សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ទទួលទេសចរក្នុងឱកាសបុណ្យសមុទ្រ

(ខេត្តកំពត) ថ្ងៃស្អែកនេះពិធីប្រណាំង ទូកនឹងចាប់ផ្តើម ហើយពិធីបុណ្យ សមុទ្រលើកទី១១ នៅខេត្តកំពតក៏នឹងចូលមកបន្ត ហើយនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងកន្លែងផ្តល់សេវា កម្មទេសចរណ៍ផ្សេងៗ ក្នុងខេត្តបានត្រៀមលក្ខណៈរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវ។ ក្នុងនោះសហគមន៍ត្រពាំងសង្កែ បានត្រៀមលក្ខណៈយ៉ាងល្អ ខណៈដែលភ្ញៀវទេសចររំពឹងថា បុណ្យសមុទ្រលើកទី១១នៅខេត្តកំពត នឹងភ្ញៀវមកលេងច្រើន។
ប្រជាសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជាអ្នកលក់ម្ហូបអាហារ និងជាអ្នកបើកបរទូកទេសចរណ៍ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត ពិសេសដើម្បីស្វាគមន៍ទេសចរដែលមកកម្សាន្ត ពិធីប្រណាំងទូក និងបុណ្យសមុទ្រលើកទី១១ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះផងនោះ សហគមន៍បានរៀបចំផែនការ សម្អាត បរិស្ថានអនាម័យ និងសេវាកម្មផ្សេងៗរួចរាល់ហើយ ខណៈដែលបន្ទប់ស្នាក់ត្រូវបានកក់ពេញមុនតាំងពីជាង១ខែមុន។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលបានទៅលេងនៅសហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ និងបានបញ្ជាក់ថាបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតនឹងមានប្រជាពលរដ្ឋ និងទេសចរមកទស្សនាច្រើន ដោយសារការត្រៀមរៀបចំបានល្អ ខេត្តមានការអភិវឌ្ឍន៍ច្រើនគួរឲ្យទាក់ទាញ។
ពិធីប្រណាំទូកង ខេត្តកំពតនឹងធ្វើឡើងនៅថ្ងៃទី១១ និងទី១២ ខែធ្នូ ខណៈដែលពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *