(ខេត្តកំពត)៖ នៅថ្ងៃទី ១១ ខែធ្នូនេះ ពិធីប្រណាំងទូក ដើម្បីអបអរសាទរ និងស្វាគមន៍ពិធី បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពតនឹងចាប់ ផ្តើមប្រណាំងនៅម៉ោង១២ កន្លះ។ ហើយមន្ត្រីជំនាញបានបញ្ជាក់ថា សេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្តរៀបរយបានល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបបានរង្វង់៥០%ប៉ុណ្ណោះ ។ ខណៈដែលទេសចរ និងអាជីវករសប្បាយចិត្ត ព្រោះរំពឹងថានឹងមានពលរដ្ឋ និងភ្ញៀវមកលេងបុណ្យសមុទ្រច្រើន។
ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានបញ្ជាក់ថាមកដល់ថ្ងៃនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃចំពោះសេវាកម្មសេទចរណ៍ផ្សេងៗបានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផង។
ភ្ញៀវទេសចរមកពីប្រទេសកាណាដា លោកស្រី ជូលី បានឲ្យដឹងថា លោកមានគ្រោងដើរកម្សាន្តច្រើនខេត្ត ហើយបន្ទាប់ពីភ្នំពេញ លោកស្រីបានចំណាយពេល៤ថ្ងៃដើរកម្សាន្តខេត្តកំពត ។ លោកស្រីបញ្ជាក់ថាពិតជាចូលចិត្តខេត្តកំពត ព្រោះជាកន្លែងសម្រាកលម្ហែ ស្ងប់ស្ងាត់ មានសុវត្ថិភាព និងទេសភាពស្អាត ពិសេសតំបន់ឆ្នេរមាត់ព្រែក ។
ចំណែកអាជីវករមកពីខេត្តឧត្តមានជ័យ បានប្រាប់ឲ្យដឹងដែរថា គាត់សម្រេចចិត្តមកលក់នៅខេត្តកំពត ព្រោះដោយសារឃើញខេត្តកំពតល្បី ហើយរៀបចំព្រឹត្តិការណ៍ច្រើន មានប្រណាំទូកផង និងបុណ្យសមុទ្រផង ដូច្នេះភ្ញៀវនឹងមកច្រើន ហើយការលក់ដូរអាចនឹងដាច់បានច្រើនដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះការដំឡើងស្តង់៥០០ស្តង់ ឆាកប្រគុំតន្ត្រី(៣ទីតាំង) ឆាកវេទិកាកិត្តិយស និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិការកិត្តិសយ ធ្វើជិតរួចរាល់អស់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ សេង ណារិទ្ធ