(ខេត្តកំពត) ដំណើរការនៃការត្រៀមរៀប ចំបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី១៣ ដល់១៥ ខែធ្នូនេះ បានសម្រេចស្ទើរ១០០% ហើយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើឲ្យបន្តស្មារតីរួបរួមសហការល្អបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យបុណ្យសមុទ្រលើកទី១១ជោគជ័យ ដក់ជាប់អារម្មណ៍ និងការចងចាំរបស់ភ្ញៀវជាតិ និងអន្តរជាតិ អន្ទះសារចង់ឃើញ និងចង់ចូលរួម ក្នុងការរៀបចំបុណ្យសមុទ្រលើកក្រោយៗទៀត។
ពាក់ព័ន្ធនឹងការរៀបចំ ពិធីបុណ្យសមុទ្រលើកទី១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យ សមុទ្រលើកទី១១ ឆ្នាំ២០២៤ ក្រោមគណៈអធិបតីរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាំវ លោក លោកស្រី នៃអនុគណៈកម្មការទាំងអស់ផងដែរ។
ថ្លែងបិទកិច្ចប្រជុំនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ នៃអនុគណៈកម្មការទាំងអស់ដែលបានរួមសហការគ្នាបានល្អប្រសើរ ធ្វើឲ្យការងាររៀបចំពិធីបុណ្យសមុទ្រ គិតមកដល់ពេលនេះ សម្រេចស្ទើរ១០០% ។ ហើយឯកឧត្តមបានលើកទឹកចិត្តឲ្យគណៈកម្មការអន្តរក្រសួង និងអាជ្ញាធរបន្តកិច្ចសហការល្អតទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពតទទួលបានលទ្ធផលជោគជ័យ មាមន័យថា កម្មវិធីបានប្រព្រឹត្តិទៅតាមការគ្រោងទុក គ្មានបញ្ហាណាមួយកើតឡើង ប្រជាពលរដ្ឋ និងទេសចររីករាយ និងចង់ចាំ ហើយអន្ទះសារចង់ឃើញការរៀបចំ និងចង់ចូលរួមពីធីបុណ្យសមុទ្រលើកក្រោយៗទៀត។
បុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការសម្តែងសិល្បៈ កីឡា ការប្រគុំតន្ត្រី ការពិព័រណ័ផលិតផលក្នុង និងក្រៅស្រុក ការពិព័រណ៍ភូមិមួយផលិតផលមួយជាដើម។ ហើយកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ សេង ណារិទ្ធ