(ខេត្តកំពត)៖ បច្ចុប្បន្ន ក្រុងកំពតបាននិង កំពុងមានភាពលេចធ្លោ ប្រកបដោយសោភ័ណភាព ស្រស់បំព្រង និងអនាម័យបរិស្ថានស្អាត ដោយសារតែមានការចូល រួមពីប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ពី ក្រុមការងារសម្អាតអនាម័យ និងប្រមូលសំរាម។ ហើយក្នុងឱកាសរៀបចំពិធីប្រណាំងទូកង និងពិធីបុណ្យសមុទ្រលើកទី១១នេះ ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន សហការជាមួយអាជ្ញាធរបានប្តេជ្ញាថា នឹងមិនឲ្យទេសចរឃើញសំរាមធ្លាក់ដល់ដីឡើយ។
លោក សួន សុភក្តិ ប្រធានក្រុមហ៊ុនប្រមូល សំរាមកំពតហ្រ្គីន បានបញ្ជាក់ឲ្យដឹងថា ក្រុងកំពតរយៈពេលចុងក្រោយនេះ មានកំណើនភ្ញៀវមកលេងច្រើន ធ្វើឲ្យកំណើនសំរាមក៏កើនឡើង ច្រើនដែរក្នុងមួយថ្ងៃរង្វង់១០០តោន។ ប៉ុន្តែក្រោមការចង្អុលបង្ហាញ និងលើកទឹកចិត្តពីសំណាស់ឯកឧត្តមអភិបាលខេត្ត និងដោយមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរក្រុង និងសង្តាត់ ក្រុមហ៊ុនប្រមូលសំរាមកំពត ហ្គ្រីនតែមានផែនការ ដើម្បីរក្សា ឲ្យក្រុងកំពតស្អាត គ្មានសំរាមរាយប៉ាយឬកកស្ទះឡើយ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតានោះទេ។ ដោយឡែកសម្រាប់ពិធីប្រណាំងទូកង ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ដល់១២ ខែធ្នូ និង ពិធីបុណ្យសមុទ្រលើកទី១១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ដល់១៥ ខែធ្នូខាងមុខនេះ ក្រុមហ៊ុនបានរៀបចំបង្តើនកម្លាំង(១២ក្រុមប្រចាំការ) សម្ភារៈ(រឺម៉ក រថយន្តប្រមូលសំរាមខ្នាតតូច និងធំ ធុងស្តុកសំរាម) បង្កើនម៉ោងពេលប្រមូល សំរាមទាំងយប់និងថ្ងៃ ពោលគឺមិនឲ្យទេសចរឃើញសំរាមជ្រុះដល់ដីឡើយ។
លោក ងួន សារឿន ចៅសង្កាត់កំពង់បាយ បានបញ្ជាក់ដែរថា អាជ្ញាធរខេត្ត ក្រុង និងសង្កាត់ហត់នឿយបន្តិចនៅក្នុងការរៀបចំតុបតែងលម្អសោភ័ណភាពក្រុង សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងពិធីបុណ្យសមុទ្រខាងមុខនេះ ប៉ុន្តែក្នុងនាមអាជ្ញាធរ លោកពិតជាសប្បាយចិត្ត និងមានមោទនភាពចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឲ្យខេត្តកំពតប្រែប្រួលមុខមាត់ថ្មី រីកចម្រើនល្អប្រសើរ និងមានទេសចរមកលេងច្រើនជាងមុន។ ហើយចំពោះការត្រៀមធ្វើជាម្ចាស់ផ្ទះ រង់ចាំទទួលភ្ញៀវមកកម្សាន្តគិតមកដល់ពេលនេះ ស្ទើរតែរួចរាល់១០០%ហើយ។
សូមបញ្ជាក់ថាកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ដោយលោក សេង ណារិទ្ធ