ខេត្តកែបរៀបចំប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរង គ្រោះដោយសារគ្រោះ ថ្នាក់ចរាចរណ៍….!!

(ខេត្តកែប)៖ ទិវាអន្តរជាតិរំលឹកដល់ជនរង គ្រោះដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៩ ត្រូវបានរៀបចំប្រារព្ធ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើង ដោយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និងជាប្រធានអនុគណៈ កម្មការចរាចរណ៍ផ្លូវគោកខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ យុវជន និងសិស្សានុសិស្សសរុបជាង ៣០០ នាក់។
ទិវាអន្តរជាតិរំលឹកដល់ជនរង គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ធ្វើឡើងក្នុងគោលបំណង រំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនឹងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឱ្យមានការគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តាហានីភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនក្នុង ការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អោយនៅកម្រិតទាបបំផុត។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ដែរថា៖ ចរាចរណ៍ផ្លូវគោក បានក្លាយជាវិញ្ញាសារដ៏ចម្បង ជាការព្រួយបារម្ភដ៏ធំបំផុត និងជាកត្តាមួយដែលធ្វើអោយជីវិតមនុស្ស ជួបនូវការនិរាសព្រាត់ប្រាស់ ពីក្រុមគ្រួសារ និងពិការភាពជាដើម។
ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២/២៣ បើធៀបរយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ៩លើក ស្មើនិង ៣៩,១៣%។ កត្តាទាំងនេះ បណ្តាលមកពីប្រជាពលរដ្ឋ មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការអព្យាស្រ័យ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថាន ខ្វះការប្រុងប្រយ័ត្ន…។ល។
ឯកឧត្តម បន្តថា៖ ដើម្បីអោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងសង្គមរបស់យើងកាត់ បន្ថយមកនៅត្រឹមកម្រិតទាប ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ ខ្ញុំសូមស្នើដល់សមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ បទបញ្ញត្តិចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពខ្ពស់ និងត្រូវផ្សព្វផ្សាយ ដល់ក្មួយៗ សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: អោយបានយល់ដឹងកាន់ តែខ្ពស់អំពីវិធានការនានា និងច្បាប់ចរាចរណ៍ផ្លូវគោក អោយបានកាន់តែទូលំទូលាយ៕ លោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *